(នីហ្សេរីយ៉ា)៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅក្នុងរដ្ឋ ជីហ្កាវ៉ា (Jigawa) ភាគខាងជើងប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់៩២នាក់ហើយ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។
ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋជីហ្កាវ៉ា (Jigawa) បានចាប់ផ្តើមនៅក្នុងខែសីហា ដោយបំផ្លាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅទូទាំងរដ្ឋ។ លោក ឡាវ៉ាន់ អាដាម (Lawan Adam) អ្នកនាំពាក្យប៉ូលិសបាននិយាយថា ទឹកជំនន់នេះ ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៩២នាក់ ខណៈប្រតិបត្តិការស្វែងរកនៅតែបន្ត។ លោក អាដាម បានចង្អុលបង្ហាញថា ការស្លាប់ គឺបណ្ដាលមកពីការលង់ទឹក ដោយខ្យល់ព្យុះផ្គររន្ទះ និងដោយការបាក់អគារ។
គួរបញ្ជាក់ថា ទឹកជំនន់បានធ្វើអោយប៉ះពាល់ដល់ប្រជាជនរាប់ពាន់នាក់ជាមួយ នឹងផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ និងរចនាសម្ព័ន្ធផ្សេងទៀតបានខូចខាតដោយខ្យល់បក់ខ្លាំង។ តំបន់ដែលរងផលប៉ះពាល់មួយចំនួនរួមមានដូចជា គីរី កាសាមម៉ា( Kiri Kasamma) ដាត់ស៊ី (Dutse) ហាដេជៀ (Hadejia), កាហ្វីន ហ៊រសា(Kafin Hausa), ហ្គូរី (Guri) អយយ៉ូ (Auyo) និង ចាហ៊ុន (Jahun) ។ ទឹកជំនន់ដ៏សាហាវគឺជាបញ្ហាបន្តកើតមាននៅក្នុងរដ្ឋ ជីហ្កាវ៉ា (Jigawa) ខណៈដែលគ្រោះមហន្តរាយធម្មជាតិ ត្រូវបានរាយការណ៍ស្ទើរតែរៀងរាល់ឆ្នាំនៅប្រទេសនេះ៕