ព្យុះសង្ឃរា Fiona កំពុងបោកបកឆ្ពោះទៅកាន់កោះព័រតូរីកូរបស់សហរដ្ឋអាម៉េរិក ខណៈអាជ្ញាធរប្រកាសអាសន្នដល់ពលរដ្ឋ
(អាមេរិក)៖ មជ្ឈមណ្ឌលព្យុះសង្ឃរាអាម៉េរិកបាននិយាយថា ព្យុះសង្ឃរា Fiona កំពុងបោកបក់ឆ្ពោះទៅកាន់កោះ Puerto Rico របស់សហរដ្ឋអាម៉េរិក ដោយខ្យល់ព្យុះសង្ឃរានេះបានបក់ក្នុងល្បឿន 130 គីឡូម៉ែត្រ ក្នុងមួយម៉ោង ជាមួយនឹងខ្យល់បក់ខ្លាំង និងភ្លៀងខ្លាំង ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២។
មជ្ឈមណ្ឌលព្យុះសង្ឃរាអាម៉េរិកបាននិយាយថា "ភ្លៀងទាំងនេះនឹងបង្កើតឱ្យមានទឹកជំនន់ភ្លាមៗដែលគំរាមកំហែងដល់អាយុជីវិតមនុស្ស និងការជន់លិចទីក្រុងនៅទូទាំងកោះព័រតូរីកូ និងសាធារណរដ្ឋដូមីនីកែនភាគខាងកើត រួមជាមួយនឹងការរអិលបាក់ដី នៅក្នុងតំបន់ភ្នំ" ។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ចូ បៃដិន បានអនុម័តសេចក្តីប្រកាសគ្រាអាសន្នសម្រាប់កោះព័រតូរីកូនៅថ្ងៃអាទិត្យនេះ ដែលជាវិធានការដែលអនុញ្ញាតឱ្យទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (FEMA) សម្របសម្រួលប្រតិបត្តិការសង្គ្រោះពេលគ្រោះមហន្តរាយ និងផ្តល់វិធានការការពារគ្រាអាសន្ន ៕