(រុស្ស៊ី)៖ រុស្ស៊ីកំពុងប្រើប្រាស់រថយន្តធុនធំបើករើសទាហាន ដើម្បីទាក់ទាញអ្នកស្ម័គ្រចិត្ត ដោយផ្តល់ប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន 160,000 rubles (2,700 ដុល្លារអាមេរិក)។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានCNA នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
កងទ័ពរុស្ស៊ី កំពុងស្វែងរកទាហានជាប់កិច្ចសន្យាសម្រាប់អ្វីដែលខ្លួនហៅថា “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែន ខណៈទាហានពាក់របាំងមុខខ្មៅ បានបង្ហាញកាំភ្លើងរបស់ពួកគេដល់អ្នកដំណើរដែលចាប់អារម្មណ៍ ហើយបានប្រគល់ខិត្តប័ណ្ណដែលមានសរសេរថា «សេវាយោធាជាប់កិច្ចសន្យា ជម្រើសនៃបុរសពិត»។
ឧត្តមសេនីយ៍ Sergei Ardashev បាននិយាយថា “ប្រជាពលរដ្ឋរុស្ស៊ីដែលមានចិត្តស្នេហាជាតិ កំពុងត្រូវបានជ្រើសរើសឲ្យចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឬ៦ខែ ដើម្បីចូលរួមក្នុងប្រតិបត្តិការយោធាពិសេស”។
គួរបញ្ជាក់ថា ទីក្រុងមូស្គូ មិនបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ជាផ្លូវការឡើយចាប់តាំងពីថ្ងៃទី២៥ខែមីនាមក ដែលនៅពេលនោះ ខ្លួននិយាយថា ទាហានរុស្ស៊ីចំនួន ១៣៥១ នាក់ត្រូវបានសម្លាប់ និង ៣៨២៥នាក់រងរបួស៕