(ព្រៃវែង)៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកកំចាយមារ និងរដ្ឋបាលឃុំ ព្រមទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋដែលបានខិតខំរួមគ្នាការពារសុខសន្តិភាព សុខសុវត្ថិភាព រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទក។

សម្ដេចបានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានានៅក្នុងវត្តនេះ រួមទាំងសាលាបឋមសិក្សា ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បង្ហាញពីការយកចិត្តទុកដាក់ចំពោះការខ្វះខាតសម្រាប់ដំណើរការសាងសង់សមិទ្ធផលក្នុងវត្ត ដែលជំពាក់ថវិកាជាង ១៨.០០០ដុល្លារ ដោយសម្ដេចធានាដោះស្រាយការខ្វះខាតនេះជូន។ ជាមួយគ្នានេះ សម្ដេចក៏បានប្រកាសផ្ដល់អគារសិក្សាបន្ថែម ៣បន្ទប់ទៀត ដើម្បីបង្គប់ ៥បន្ទប់ ក្នុងនោះ ១បន្ទប់ សម្រាប់ធ្វើជាទីចាត់ការ។

សម្ដេចក្រឡាហោម បានរំលឹកអំពីប្រវត្តិសាស្រ្ត នៃការឆ្លងកាត់សង្គ្រាមកាប់សម្លាប់ និងការនិរាសព្រាត់ប្ដីប្រពន្ធកូន រួមទាំងក្រុមគ្រួសារសម្ដេច ទម្រាំមានសុខសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។ សម្ដេចបានទាញការកត់សម្គាល់ថា សុខសន្តិភាព និងស្ថិរភាពជាតិ ជាសមិទ្ធផលស្នូល ដែលនាំឱ្យកើតមានវឌ្ឍនភាពនូវសមិទ្ធផលសំខាន់ៗផ្សេងទៀតរបស់ជាតិ រួមទាំងសមិទ្ធផលដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីជោគជ័យនៃការដឹកនាំជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ រួមមានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានកាលពីចុងឆ្នាំ២០២២ និងការឈានទៅរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម ជាប្រវត្តិសាស្រ្ត ព្រមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលជាព្រឹត្តិការណ៍នយោបាយដ៏ធំនៅកម្ពុជា។

សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យការរៀបចំព្រឹត្តិការណ៍ជាតិធំៗនាពេលខាងមុខ រួមទាំងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ