កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ពលរដ្ឋមានការភ្ញាស់ផ្អើលនាំគ្នាចុះចាប់ត្រីក្នុងស្ទឹងព្រែកត្នោតជាលើកទី២ ក្នុងរយៈពេល២ឆ្នាំកន្លង ខណៈត្រីតូចធំបានពុលអណ្តែត និងងាប់ជាច្រើនក្បាល ខណៈអាជ្ញាធរដាក់ ការសង្ស័យលើរោងចក្រមួយបានបង្ហូរទឹកស្អុយចូលក្នុងស្ទឹង។

រោងចក្រដែលអាជ្ញាធរសង្ស័យនោះ បានបំពុលបរិស្ថានរហូតងាប់ត្រីជាលើកទី២ ក្នុងឆ្នាំនេះគឺក្រុមហ៊ុន Boengket Planting & Industrial Co., Ltd ផលិតដំណាប់ស្វាយ។ ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់រួមមាន៖ នៅភូមិពាមទុង ឃុំត្រែងត្រយឹង និងនៅភូមិកុមារពេទ្យ ភូមិចេក និងភូមិក្រាំងរលួស ស្ថិតក្នុងឃុំអូរ ស្រុកភ្នំស្រួច។

មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការចុះត្រួតពិនិត្យនៅទីតាំងជាក់ស្ដែង រោងចក្រពុំបានរៀបចំសាងសង់អាងប្រព្រឹត្តិកម្មសំណល់រាវ និងរបាយការណ៍ EIA ទៅតាមការកំណត់ឡើយ រោងចក្រនៅតែបន្តបង្ហូរសំណល់រាវ ពីរោងចក្រផ្ទាល់ ដោយពុំមានការសម្អាត ចូលតាម ប្រឡាយដី (ប្រវែង ០,៨គីឡូម៉ែត្រ) បន្ទាប់មកចូលទៅស្រះស្រុកចំនួន៤ដែលមានស្ថានភាពគោករាក់ រួចហូរចូលអាងទឹកទំនប់ពាមទុង ដែលមានទំហំប្រមាណ ៣ហិកតា ហើយទឹកសំណល់ទាំងនោះបានហូរចេញតាមប្រឡាយអូរ (ប្រវែង ០,៣គីឡូម៉ែត្រ) បន្តចូលទៅស្ទឹងតូច (ខ្សែទឹកខាងលើ) ប្រវែងប្រមាណ ៥ គីឡូម៉ែត្រ បន្ទាប់មកហូរ ចូលស្ទឹងស្រែខ្លុង (ខ្សែទឹកខាងក្រោម) ប្រវែងប្រមាណ ១០ គីឡូម៉ែត្រ និងចុងក្រោយ ហូរធ្លាក់ទៅស្ទឹងព្រែកត្នោត។

មន្ត្រីដដែលបានបន្តថា ក្រុមការងារបានសង្កេតឃើញថា ការបង្ហូរសំណល់រាវចេញពីរោងចក្រ បានបង្កឱ្យទឹកស្ទឹងតូច និងស្ទឹងស្រែខ្លុង ឡើងពណ៌ខ្មៅ និងមានក្លិនស្អុយ ព្រោះពុំមានចរន្តទឹក ហូរពីផ្នែកខាងលើ (Up-Stream) មកផ្នែកខាងក្រោម (Down-Steam) ដើម្បីជួយពង្រាវ ឬ ជំរុញឱ្យទឹកសំណល់ទាំងនោះហូរចុះលឿនទៅផ្នែកខាងក្រោមទេ ដោយនៅផ្នែកខាងលើ នៃដងស្ទឹងតូចត្រូវបានគេទប់ទឹកសម្រាប់ធ្វើការស្រោចស្រព។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ស្ថានភាពទឹកនៃដងស្ទឹងតូច និងស្ទឹងស្រែខ្លុង (ពីចំណុចអាងទឹកទំនប់ពាមទុងហូរចូលស្ទឹងតូចដល់ចំណុចស្ទឹងព្រែកត្នោត) ដែលមានប្រវែងសរុបប្រមាណ១៥គម មានពណ៌ខ្មៅ ក្លិនស្អុយ ត្រីពុលងាប់ និងពុំអាចប្រើប្រាស់បានឡើយ៕EB

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ