ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានស្នើដល់បណ្តាប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសបណ្តាញទំនាក់ទំនងសង្គម ឱ្យបញ្ឈប់យកប្រធានបទមន្ត្រីឥណទាន ឬ CO ទៅបង្កើតជារឿងកំប្លុកកំប្លែង នាំឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ។ នេះបើតាមសេចក្តីអំពាវនាវរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ឧសភា នេះ។

លិខិតនេះ បានបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កេតឃើញជាញឹកញាប់នូវការផ្សព្វផ្សាយដោយយកប្រធានបទមន្រ្តីឥណទាន ឬ CO(Credit Officer) និងប្រធានបទពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ធ្វើជាកម្មវត្ថុនៃវីដេអូកំប្លុកកំប្លែង ជារូបភាពបន្តុះបង្អាប់ ប្រាសចាកពីការពិត នៅតាមបណ្តាញផ្សព្វផ្សាយមួយចំនួន ជាពិសេសបណ្តាញទំនាក់ទំនងសង្គម។ ការសម្តែងទាំងនោះ ត្រូវបានយកទៅកាត់តខ្លីៗ និងចែករំលែកបន្តគ្នា ដែលធ្វើឱ្យមានការយល់ច្រលំថាជារឿងពិត។

បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ការសម្តែងមួយចំនួន គឺប្រាសចាកពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះការផ្សព្វផ្សាយប្រាសចាកពីការពិតទាំងនោះ។

សូមបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូហិរញ្ញវត្ថុមិនអាចខ្វះបានសម្រាប់ប្រជាជនកម្ពុជា។ ការបំផុសនូវមាតិកាដោយខ្វះការយល់ដឹងពីវិស័យ ហួសពីការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈជន ព្រមទាំងអាចជាការជំរុញឱ្យប្រជាពលរដ្ឋងាកទៅប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ ដោយគ្មានយន្តការការពារអតិថិជន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ