ក្រពើភ្នំជិត ១៥០ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្ម ជាតិកម្ពុជាដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ ខណៈកិច្ចការអភិរក្សកន្លងទៅបានផ្តល់ផលជាទីមោទនៈ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជានិងអ្នកអភិរក្សក្នុងការបង្កើនចំនួនសត្វក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិកម្ពុជា។

អស់រយៈពេលជាង ២០ឆ្នាំមកនេះ គម្រោងអភិរក្សក្រពើកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្មភាពនៅដែនជម្រកក្រពើសំខាន់ៗនៅកម្ពុជា ដោយមានការសហការបច្ចេកទេសរវាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុត និងជាសត្វ ព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយរបស់កម្ពុជា ត្រូវបាន ការពារនិងអភិរក្សបានយ៉ាងល្អ និងមានការបង្កាត់ពូជក្រពើភ្នំដើម្បីលែងទៅក្នុងធម្មជាតិ។

អង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) បានឱ្យដឹងថាទីតាំង៥ ដែលកំពុងអនុវត្តការអភិរក្សយ៉ាងសកម្មរួមមាន អូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងអារ៉ែង ឆាយរាប ស្ទឹងខៀវ និងតំបន់ស្តារក្រពើឡើងវិញនៅឃុំតាទៃលើ ស្ថិតក្នុងខេត្តកោះកុង និងកម្មវិធីបង្កាត់ក្រពើភ្នំពូជសុទ្ធដើម្បីលែងទៅក្នុងធម្មជាតិ (Re-introduction program) ស្ថិតនៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ។ គម្រោងអភិរក្សក្រពើភ្នំគំរូនេះ ដែលបានភ្ជាប់ការអង្កេតតាមដាន និងការល្បាតដោយសហគមន៍មូលដ្ឋាន ជាមួយ នឹងបច្ចេកវិទ្យាអភិរក្សចុងក្រោយ ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។

ក្នុងរយៈពេលកន្លងមកនេះ គម្រោងអភិរក្សក្រពើកម្ពុជាបានលែងក្រពើភ្នំពូជសុទ្ធនៅលើតំបន់មួយចំនួនបានចំនួន ១៤៦ក្បាល មានដូចជា ស្ទឹងខៀវ ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង (លែងក្រពើពីភ្នំតាម៉ៅ) ២៧ក្បាល ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រែអំបិល ខេត្តកោះកុង (លែងក្រពើពីភ្នំតាម៉ៅ) ៤៩ក្បាល ខែកុម្ភៈ ឆ្នាំ២០២២ (ក្រពើភ្នំតាម៉ៅ) ២៥ក្បាល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ (ក្រពើភ្នំតាម៉ៅ) ១០ក្បាល ស្ទឹងដាច់ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង (លែងកូនក្រពើព្រៃ) ៩ក្បាល អារ៉ែង ស្រុកថ្មបាំង ខេត្តកោះ កុង (លែងកូនក្រពើព្រៃ) ២០ក្បាល អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ (លែងកូនក្រពើព្រៃ) ៦ក្បាល។ គួរឱ្យដឹងដែរថា កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១ ០០០ក្បាលប៉ុណ្ណោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ