ព្រះមហាក្សត្រ អំពាវនាវឲ្យជនរួមជាតិ ប្រើសិទ្ធិសេរីភាពបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿង លើគ្រប់វិស័យ
ភ្នំពេញ៖ ព្រះករុណ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យជនរួមជាតិទាំងអស់ ប្រើសិទ្ធិសេរីភាពបោះឆ្នោត ទៅតាមសតិសម្បជញ្ញៈ របស់ខ្លួនម្នាក់ៗ ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កាន លើគ្រប់វិស័យ ។
តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ព្រះមហាក្សត្រមានបន្ទូលដោយបញ្ជាក់់ថា «ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិអ្នក មានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំ ប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ» ។
ព្រះមហាក្សត្រមានបន្ទូលបន្ថែមថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដូចនេះ សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាម កំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។
ទន្ទឹមគ្នានោះដែរព្រះមហាក្សត្រកម្ពុជា ក៏បានអំពាវនាវឲ្យជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ របស់ ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ