ចិនប្រាប់ពលរដ្ឋខ្លួនឱ្យចាកចេញពីអ៊ីស្រាអែលជាបន្ទាន់ ខណៈអាមេរិកប្រាប់ពលរដ្ឋរស់នៅរដ្ឋធានីតេហេរ៉ង់ប្រទេសអ៊ីរ៉ង់ ឱ្យចាក់ចេញជាបន្ទាន់ដូចគ្នា
(បរទេស)៖ ស្ថានទូតចិនប្រចាំប្រទេសអ៉ីស្រាអែល បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៉ីស្រាអែល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យអ្នករស់នៅក្នុងរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ងទាំងអស់ជម្លៀសខ្លួនចេញជាបន្ទាន់។នេះបើតាមការចេញផ្សាយក្នុងថ្ងៃតែមួយ របស់សារព័តមាន AFP នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥។
ស្ថានទូតចិនបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងមួយបង្ហោះលើ WeChat ដូច្នេះថា «បេសកកម្មចិនក្នុងប្រទេសអ៉ីស្រាអែល សូមអំពាវនាវឱ្យពលរដ្ឋចិនចាកចេញពីអ៉ីស្រាអែល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈព្រំដែនគោកក្នុងទិសដៅឆ្ពោះទៅកាន់ប្រទេសហ្ស៊កដានី»។
ដោយឡែក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ដូច្នេះថា «មនុស្សទាំងអស់គួរតែចាកចេញជាបន្ទាន់ពីរដ្ឋធានីតេហេរ៉ង់។ អ៉ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត»។ លោក ត្រាំ មិនបានបញ្ជាក់អ្វីលម្អិតទេ ខណៈមានប្រជាជនជិត ១០លាននាក់កំពុងរស់នៅក្នុងរដ្ឋធានីតេហេរ៉ង់៕