(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារលើបណ្តាញសង្គមតេឡេក្រាម នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រាប់ទៅក្រុមអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលមួយចំនួននៅកម្ពុជា«ឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត»។សម្តេចបញ្ជាក់ថា នៅយប់ថ្ងៃទី១៧ ខែកុម្ភៈនេះ សម្ដេចបានបង្ហើយការងារនៅរំលងអាធ្រាតទៅហើយតែសម្ដេចមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ របស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ។

សម្ដេចបានមានប្រសាសន៍ទាក់ទងនឹង លោក ផែង វណ្ណៈ ដែលត្រូវបានអង្គការក្រៅរដ្ឋាភិបាល ដែលភាគច្រើនទទួលលុយបរទេស ទាមទារឲ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់ វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។សម្ដេចមិនកាន់ជើង ផែង វណ្ណៈទេ។ តែអ្វីដែលសម្ដេចមិនអស់ចិត្ត គឺប្អូនថ្លៃស្រីសម្ដេច ក្រោយស្លាប់ ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដងប្រៀបជាមួយការដែល ផែង វណ្ណៈ និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វិទ្យុវីអូឌីនោះ។

សម្ដេចបានមានប្រសាសន៍ថា ពួកជនអាក្រក់ទាំងនោះ មិនគ្រាន់តែប្រមាថប្អូនថ្លៃសម្ដេចទេ តែគេ ថែមទាំងប្រមាថភរិយាសម្ដេច ក្រុមគ្រួសារសម្ដេច ក្នុងពេលដែលក្រុមគ្រួសារ កំពុងបង្ហូរ ទឹកភ្នែកស្តាយស្រណោះប្អូនស្រី ម្តាយ ជីដូន ម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។

សម្ដេចតេជោ ចោទសួរថា តើអង្គការទាំង ៤០ នេះក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្តាត់ ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។សម្ដេចប្រាប់ថា«សូមចាំទុក និងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ