ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ បានក្រើនរំលឹក ដល់មន្ត្រីសាធារណៈ ក្នុងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន និងមានប្រសិទ្ធភាព តម្លាភាពជាពិសេសបង្ហាញពីយុទ្ធសាស្រ្តខ្លះៗទាក់ទងនឹងការផ្ដល់សេវាសាធារណៈ។


ក្នុងជំនួប សំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តមណ្ឌលគិរី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា «ខ្ញុំក្រើនរំលឹក នូវតួនាទីមន្ត្រីសាធារណៈ ក្នុងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អ ពោលគឺធ្វើឲ្យបានលឿន ធ្វើឲ្យមានប្រសិទ្ធភាព និងតម្លាភាព និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗទាក់ទងនឹងការផ្ដល់សេវាសាធារណៈ ដូចជា ការប្រើប្រាស់ប្រព័ន្ធបច្ចេក វិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់ រថយន្តឆៀកចល័ត និងយន្តការផ្សេងៗទៀត ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ»។


ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីសាធារណការ ក៏បានណែនាំឲ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរីទាំងអស់ អនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាល ដូចជា ការលាងដៃនឹងសាប៊ូឲ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ-១៩ ឲ្យកាន់តែមាន ប្រសិទ្ធភាព។


រដ្ឋមន្ដ្រីសាធារណការ ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករនៃ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី ដែលបានខិតខំប្រឹងប្រែងបំពេញ ការងារ របស់ខ្លួនសម្រេចបានលទ្ធផលល្អ និងបានស្នើឲ្យបន្តកិច្ចសហការចូលរួម ផ្ដល់គំនិតថ្មីៗ សំដៅធ្វើ ទំនើបកម្មលើការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ