នាយឧត្តមសេនីយ៍ នេត សាវឿន ព្រមានដល់ស្នងការ រាជធានី-ខេត្ត មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវដើម្បីស្ទាក់ចាប់រថយន្ដ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការព្រមានជាចុងក្រោយដល់ស្នងការ រាជធានី-ខេត្ត ទាំងអស់ មិនត្រូវដាក់បារ៉ាស់ ដើម្បីស្ទាក់ចាប់រថយន្តគេបន្តទៀតឡើយ ខណៈ ដែលរថយន្ត កំពុងធ្វើចរាចរណ៍ ធម្មតាដោយពុំមានខុស នឹងបទល្មើសច្បាប់ចរាចរណ៍នោះ។ យោងតាមសារសំឡេងក្នុងតេលេក្រាមរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។
ការព្រមានរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរខ្លះមានការថ្នាំងថ្នាក់ នឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់នៅតាមផ្លូវដោយចាំស្ទាក់ចាប់រថយន្តធ្វើដំណើរតាមផ្លូវ ដោយយកលេសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែលរថយន្តទាំងនោះ កំពុងធ្វើការបើកបរធម្មតានៅតាមដងផ្លូវនោះ និងមិនបានល្មើសលើបទល្មើសណាមួយនោះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បានចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ខណៈដែល កាលពីឆ្នាំ២០១៩ កន្លងទៅបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យមនុស្សជិតពីរពាន់នាក់ បានស្លាប់និងរាប់ម៉ឺននាក់បានរងរបួសធ្ងន់–ស្រាល៕ E B