(រតនគិរី)៖មន្ត្រីជំនាញពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើសការលក់ដូរសាច់ សត្វព្រៃខុសច្បាប់ រឹបអូសសាច់សត្វព្រៃ និងសំណាកសត្វ ព្រៃសរុប១៧ គីឡូក្រាម
ក្រោយពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុង ខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថានខេត្តរតនគិរីដោយរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសការលក់ដូរសាច់សត្វព្រៃខុសច្បាប់ដោយបានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបចំនួន ១៧គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួង បរិស្ថាននៅអំឡុងពេលនៃសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យ នៅខេត្តកោះកុង។
 
លោក នេត ភក្ត្រា បានថ្លែងថានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពង្រឹងការអនុវត្តច្បាប់ និងផ្លាស់ប្តូរឥរិយាបថប្រជាពល រដ្ឋទាក់ទងនឹងសាច់សត្វព្រៃ។បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា សំណាកសត្វព្រៃទាំង ១៧ គីឡូក្រាមដែលមន្ត្រីជំនាញអនុវត្តច្បាប់រឹបអូសបានរួមមាន ១) សាច់ជ្រូកព្រៃស្រស់ចំនួន ៦,៥ គីឡូក្រាម ២)សត្វត្រកួតងាប់ចំនួន ៣ ក្បាលស្មើនឹង ៥,៥ គីឡូក្រាម និង ៣) សាច់ងៀតប្រើសចំនួន ៥ គីឡូក្រាម។ រដ្ឋលេខាធិការក្រសួងបរិស្ថានសូមថ្លែងអំណរ គុណដល់ប្រជាពលរដ្ឋដែលបានរាយការណ៍ព័ត៌មាននៃការលក់សាច់សត្វព្រៃនេះដល់មន្ត្រីជំនាញដើម្បីចាត់វិធានការទាន់ពេលវេលាដោយលោកបានថ្លែងថា៖ «ប្រជាពលរដ្ឋភាគច្រើនលើសលុបមានការយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃសម្រាប់ភពផែនដីនិងប្រព័ន្ធអេកូឡូស៊ី និងបានស្រឡាញ់សត្វព្រៃ ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងបានសហការរាយការណ៍ ករណីឃើញមានការលក់ដូរសាច់សត្វព្រៃខុសច្បាប់»។
ក្នុងកិច្ចខិតខំប្រឹងប្រែងការពារអភិរក្សសត្វព្រៃ និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងនៅក្នុងចំណោមសាធារណជន ក្រសួងបរិស្ថាន បានផ្តួចផ្តើមនិងដឹកនាំយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តមួយចំនួនដែលមានតំបន់ការពារធម្មជាតិដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត និងផ្លាស់ប្តូរឥរិយាបថបុគ្គលមួយចំនួនតូចដែលនិយមហូបសាច់សត្វព្រៃមកបញ្ឈប់ការហូបសាច់សត្វព្រៃ និងកុំឱ្យពួកគាត់ជឿថាសាច់សត្វព្រៃជាថ្នាំ ឬជាថ្នាំប៉ូវសុខភាព។ ប៉ុន្តែតាមពិតគឺពោរពេញដោយមេរោគដែលអាចចម្លងជំងឺ និងធ្វើឱ្យយើងគ្រោះថ្នាក់បាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ