សមត្ថកិច្ចអំពាវនាវរកម្ចាស់ម៉ូតូទាំង ៥៩គ្រឿង ដែលបង្ក្រាបបានពីសង្វៀនបញ្ជល់មាន ជាង១០ថ្ងៃមកហើយ
រយៈពេលជាង១០ថ្ងៃហើយ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបង្ក្រាបល្បែងស៊ីសងមួយកន្លែងឃាត់ខ្លួនអ្នកញៀនល្បែងជាច្រើននាក់ និងរឹបអូសម៉ូតូអ្នកញៀនល្បែងបានចំនួន៥៩គ្រឿង កាលថ្ងៃទី១ ខែមិថុនា កន្លងទៅថ្មីៗនេះ នៅចំណុចភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ តែមកដល់ពេលនេះម៉ូតូទាំងអស់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំអះអាងថា មិនឃើញម្ចាស់ចូលខ្លួនមកដោះស្រាយដើម្បីទទួលយកម៉ូតូទៅប្រើប្រាស់វិញទេ។
ករណីនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំបានចេញនូវសេចក្តីជូនដំណឹងមួយ ដើម្បីឲ្យម្ចាស់ម៉ូតូទាំង៥៩គ្រឿងដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដកហូតក្នុងករណីបង្ក្រាបល្បែងស៊ីសងមួយកន្លែងនិងឃាត់ខ្លួនអ្នកញៀនល្បែងជាច្រើននាក់ កាលថ្ងៃទី១ ខែមិថុនា កន្លងទៅថ្មីៗនេះ នៅចំណុចភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ សូមមកទទួលយកម៉ូតូនោះទៅវិញ ដោយភ្ជាប់មកនូវឯកសារពាក់ព័ន្ធមកជាមួយផង ។
យោងតាមសេចក្តីជូនដំណឹងបានបញ្ជាក់ថា អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ធំ សូមអំពាវនាវឲ្យ ម្ចាស់ទោចក្រយានយន្ត មកទទួលយកម៉ូតូវិញ ដោយ នាំយកឯកសារពាក់ព័ន្ឋ ដូចជាអត្តសញ្ញាណប័ណ្ណ , ប័ណ្ណសម្គាល់ទោចក្រយានយន្ត, ចំពោះម៉ូតូដែល គ្មានប័ណ្ណសម្គាល់ម្ចាស់ ឬគ្មានពន្ធនាំចូល , ត្រូវមានលិខិតទិញចេញពីឃ្លាំង, ដោយមានការបញ្ជាក់ពីអាជ្ញាធរ ភូមិ ឃុំ និងប៉ុស្តីរដ្ឋបាល ដើម្បីដាក់ពាក្យស្នើរសុំ ជំនាញសាខាគយនិងរដ្ឋាករមកវាយតំម្លៃបង់ពន្ឋឲ្យបានត្រឹមត្រូវ។
គេមិនទាន់ដឹងថា ម្ចាស់ម៉ូតូទាំងនោះមានឯកសារគ្រប់គ្រាន់ ដើម្បីបំពេញតាមលក្ខខ័ណ្ឌរបស់សមត្ថកិច្ចនោះទេ ព្រោះថា តាមសេចក្តីរាយការណ៍ម៉ូតូមួយចំនួនអត់មានបង់ពន្ធនាំចូលនោះឡើយ ហើយបើឲ្យខាងគយពិនិត្យបង់ពន្ធតាមច្បាប់នោះ វាប្រាកដណាស់ថា តម្លៃបង់ពន្ធលើសទៅនឹងតម្លៃម៉ូតូរបស់ពួកគាត់។ ជាមួយគ្នានេះដែរ គេក៏មិនទាន់បានដឹងដែរថា ពេលម្ចាស់ម៉ូតូចូល ទៅដោះស្រាយ តើសមត្ថកិច្ចត្រូវពិន័យប៉ុន្មាន ហើយអាចមានទោសពាក់ព័ន្ធលេងល្បែងស៊ីសងដែលសមត្ថកិច្ចបង្រ្កាបដែរឬទេ? ដោយសង្ស័យថាអាចជាប់ទោសផងក៏មិនដឹង បានជាម្ចាស់ម៉ូតូមិនហ៊ានចូលទៅដោះស្រាយនិងទុកម៉ូតូចោល៕SS
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ