តោះមកដឹងពីប្រវត្តិពិត ដើមឈើចាំស្នេហ៍
...កាលគ្រាមួយនោះ មានគូរស្នេហ៍មួយគូរ ដែលបានស្គាល់គ្នា និងរាប់អានគ្នាតាំងពីនៅវ័យកុមារភាពមកម្ល៉េះ ដោយអ្នកទាំងពីរ រៀនសាលាជាមួយគ្នា ថ្នាក់ជាមួយគ្នាទៀតផង រហូលដល់អ្នកទាំងពីរ បានចាប់ចិត្តប្រតិព័ទ្ធគ្នា ទៅវិញទៅមក ។ ជាធម្មតាក្រៅពីម៉ោងសិក្សា ពេលទំនេរពួកគេ តែងនាំគ្នាមកលេងកំសាន្ដតាមឆ្នេរសមុទ្រ គយគន់ទេសភាពរុក្ខជាតិ ស្ដាប់សម្លេងទឹរលក មើលថ្ងៃរៀបលិច និងផ្ដោះផ្ដងសាសងគ្នា តាមរបៀបផ្អែមល្ហែមរបស់គូរស្នេហ៍។
ថ្ងៃមួយដូចសព្វមួយដង ក្រោយពីសម្រាកពីការសិក្សា អ្នកទាំងពីរបានទៅលេងនៅឆ្នេរសមុទ្រ ហើយដើរលេងក្នុងព្រៃក្បែរៗនោះ ក៏បានជួបដើមឈើមួយដើមធំ ខ្ពស់ និងល្អស្រស់ជាងដើមឈើដទៃទៀត បើមើលពីចម្ងាយមានអារម្មណ៍ថា នៅលើដើមឈើមួយដើមនោះ មានរូប នារីម្នាក់ ពួកគេក៏បានលុតជង្គង់ និងបួងសួងព្រមគ្នាថា «បើសិនជាយើងខ្ញុំទាំងពីរ ពិតជាគូរពិតប្រាកដមែន សូមអោយ យើងអាចរួមរស់ជាមួយគ្នារហូតទៅ» ។ បុរសជាគូរស្នេហ៍បាន បង្ហាញក្ដីស្មោះស្ម័គ្រទៅនារីម្នាក់នោះថា ៖ បងស្បថសច្ចាស្មោះតែអូនម្នាក់ ទោះជាបែបណាក៏បងមានតែអូន បងរងចាំអូន គឺអូនតែម្នាក់ប៉ុណ្ណោះដែលជាដង្ហើមជីវិតរបស់បង។ នារីរំភើបចិត្ត និងអោបបុរសម្នាក់នោះយ៉ាងណែន ហើយពួកគេក៏បន្ដទៅលេងតាមមាត់សមុទ្រតាមបែបគូរស្នេហ៍ ដែលយើងអាចស្រម៉ៃមើល ពេលគេចាប់ដៃគ្នា ញញឹមដាក់គ្នា រត់លេងជាមួយទឹករលកបោកបក់ម្ដងបន្ដិចៗ ជាមួយថ្ងៃរៀបលិចដ៏ស្រស់ស្អាត ។
ដល់ពេលវេលាដែលពួកគេត្រូវបែកគ្នា ក្រោយពីបញ្ចប់ថ្នាក់មធ្យមសិក្សា ហើយត្រូវបន្ដយកកម្រិតឧត្តមសិក្សា ដោយខាងស្រីត្រូវទៅរៀនបន្ដ នៅមហាវិទ្យាល័យមួយ នារាជធានីភ្នំពេញ ដោយឡែកចង់ប្រាប់ប្រិយមិត្តថា បុរសម្នាក់នោះជាកូនអ្នកក្រីក្រង ដោយគ្មានលទ្ធភាព គេក៏នៅរៀនជំនាញបន្ត និងធ្វើការងារខ្លះផង ក្នុងខេត្តព្រះសីហនុដដែល។ ពីមួយខែទៅមួយខែ មួយឆ្នាំទៅមួយឆ្នាំ ពួកគេទាំងពីរពុំដែលបានទាក់ទងឬជួបគ្នាម្ដងទាល់តែសោះ បុរសជាគូរស្នេហ៍ នៅពេលដែលនឹករលឹកនារីដែលខ្លួនស្រឡាញ់ តែងសរសេរសំបុត្រមួយច្បាប់ ដែលបង្ហាញពីសេចក្ដីនឹករលឹកដល់គូរស្នេហ៍របស់ខ្លួន ហើយតែងយកទៅដាក់ទុកនៅដើមឈើមួយ ដែលពួកគេបានបួងសួងជាមួយគ្នា គឹយកទៅជារៀងរាល់ថ្ងៃ ដោយខ្លួនសង្ឃឹមថា នារីម្នាក់នោះនឹងនឹកចាំពីខ្លួន ហើយក៏ចង់បង្ហាញថាខ្លួនពិតជាស្រឡាញ់តែនាងម្នាក់ប៉ុណ្ណោះ ។ពេលខ្លះនឹកពេក មានតែអង្គុយស្រម៉ៃអតីតកាល សម្រក់ទឹកភ្នែកម្នាក់ឯងក្បែរដើមឈើធំនោះ ព្រោះតែការស្រឡាញ់ និងនឹករលឹក ។ ច្រើនឆ្នាំកន្លងផុតទៅ........
ហេតុការណ៍មួយនឹកស្មានមិនដល់បានកើតឡើង តើអ្នកដឹងទេថាជាអ្វី ? បុរសម្នាក់នោះបានជួបឧបទ្ទហេតុគ្រោះថ្នាក់ ក្នុងកំឡុងពេលបំបេញការងារ រងរបួសធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី ហើយត្រូវបញ្ចូនទៅមន្ទីរពេទ្យ ។ អ្វីដែលមិនគួរអោយជឿគឺ បុរសម្នាក់នោះបានបាត់បង់ការចងចាំរបស់ខ្លួន ៕
...អ្វីដែលសំខាន់គឺ អ្វីៗគ្រប់យ៉ាងនៅចាំទាំងអស់ លើកលែងតែរឿងមួយ នោះគឺរឿងរាល់គូរស្នេហ៍របស់ខ្លួន មនុស្សម្នាក់ដែលគេតែងដើរគិត ដេកគិតដល់គ្រប់ពេលនោះ គែហាក់ដូចជាមនុស្សថ្មីម្នាក់អញ្ចឹង អរ...តែភ្លេចបញ្ជាក់ជូនប្រិយមិត្តថា ហេតុតែជានិស្ស័យ គ្រូពេទ្យដែលមើលថែ ព្យាបាលបុរសម្នាក់នោះ គឺនារីដែលជាគូរស្នេហ៍របស់គាត់នោះហើយ តែអភ័ព្វព្រោះតែ ខាងប្រុសបានបាត់បង់ការចងចាំអស់ហើយ ។ អាណិតពួកគេណាស់ ស្រឡញ់គ្នាយូរហើយ បែកគ្នាយូរហើយ តែដល់ពេលបានជួប បែរជាជួបទាំងបែបនេះ ប្រសិនបើជាអ្នក បានជួបគូរស្នេហ៍របស់ខ្លួន ហើយបែរជា មនុស្សដែលយើងស្រឡាញ់ ភ្លេចយើង មិនស្គាល់យើង តើអារម្មណ៍យើងនឹងទៅជាបែបណា ? មិនខុសពីគ្នាទេ ក្រៅតែពីលួចយំម្នាក់ឯង ស្ទើរតែគ្មានសង្ឃឹមក្នុងខ្លួន ព្រោះដូចបាត់បង់មនុស្សម្នាក់ពីលើផែនដីនេះ។ តែទោះបីជាយ៉ាងណា នាងមិនបានបោះបង់ចោលបុរសម្នាក់នោះទេ នាងព្យាយាមរិះរកគ្រប់វិធី ធ្វើយ៉ាងណាដើម្បីអោយមនុស្ស ដែលខ្លួនស្រឡាញ់មានការចងចាំឡើងវិញ ។ ត្រង់នេះចង់បង្ហាញប្រិយមិត្តពីភក្ដីភាពចំពោះគ្នាទៅវិញទៅមក របស់គូរស្នេហ៍មួយគូរនេះ បើទោះបីដឹងថាខាងប្រុសគ្មានអ្វីក៏ដោយ តែដោយសារក្ដីស្រឡាញ់ ដោយមិនប្រកាន់វណ្ណៈទ្រព្យសម្បត្តិ បានធ្វើអោយអ្នកទាំងពីរក្លាយជាគូរស្នេហ៍ដ៏ស្មោះស្ម័គ្រនឹងគ្នា ។
វិលមកសាច់រឿងយើងវិញ ៣ខែកន្លងផុតទៅ បើទោះបីជារិះរកវិធីយ៉ាងណាក៏នៅតែគ្មានលទ្ធផលសូម្បីតែមួយភាគរយ ។នាងអង្គុយសម្រក់ទឹកភ្នែកនៅមាត់ទ្វារមុខបន្ទប់ ដែលបុរសម្នាក់នោះសម្រាក ទឹកភ្នែកហូរបណ្ដើរ បន់ស្រន់រៀបរាប់ពីរឿងរ៉ាវស្នេហារបស់ខ្លួន ដោយសង្ឃឹមថាទេវតា នឹងជួយដល់គូរស្នេហ៍របស់ខ្លួនអោយចងចាំឡើងវិញ បែកគ្នាជាច្រើឆ្នាំ មិនចង់ព្រាត់តែបែបនេះនោះទេ ។ ដោយគ្មានវិធីអ្វីអាចអោយបុរសម្នាក់នោះនឹកចាំឡើងវិញ នារីជាគូស្នេហ៍ ក៏សម្រេចចិត្តនាំបុរសម្នាក់នោះ ទៅមាត់សមុទ្រ ហើយនិយាយពីអតីតកាលរបស់ពួកគេ គឺជារៀងរាល់ល្ងាច តែការធ្វើបែបនេះក៏នៅតែគ្មានលទ្ធផលអ្វីនោះឡើយ។ អង្គុយនឹកស្រម៉ៃអតីតកាល នាងក៏នឹកឃើញកន្លែងមួយ នោះគឺដើមឈើធំមួយដើម ដែលអ្នកទាំងពីរធ្លាប់បានទៅបួងសួង ហើយក៏នាំបុរសជាគូរស្នេហ៍ទៅទីនោះ ។ នាងភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយឃើញសំបុត្រជាច្រើន នៅនិងដើមឈើនោះ សុទ្ធតែជាសំបុត្រដែលបង្ហាញពីក្ដីស្រឡាញ់ ការនឹករលឹក ភាពឈឺចាប់បែកបាក់គ្នា នាងអានរហូតហូរទឹកភ្នែកដោយមិនដឹងខ្លួន ហើយរត់ទៅអោបបុរសជាគូរស្នេហ៍នោះ។
ដោយសង្ឃឹមថាគូរស្នេហ៍អាចមានការចងចាំវិញ នាងតែងសរសេរសំបុត្រដូចគ្នារៀបរាប់ផង បួងសួងផង ហើយយកទៅអានអោយបុរសនោះស្ដាប់នៅកន្លែងដើមឈើធំ ដោយធ្វើបែបនេះជារៀងរាល់ថ្ងៃ ។ ប្រមាណជា ២សប្ដាហ៍កន្លងទៅ ដូចគ្នានាងបាននាំបុរសជាគូស្នេហ៍ទៅកន្លែងដើមឈើ ហើយអានសំបុត្រដែលនាងបានសរសេរ។ កំពុងតែអាន ក្រលេកមើលទៅបុរសម្នាក់នោះ ស្រាប់តែហូរទឹកភ្នែក ហើយហៅនារីជាគូរស្នេហ៍របស់ខ្លួន នាងពិតជាត្រេកអរណាស់ អ្នកទាំងពីរបានអោបគ្នាបណ្ដើរ យំបណ្ដើរ នាងបាននិយាយដោយអរគុណទេវតា ដែលជួយអោយគូរស្នេហ៍របស់ខ្លួនបានចងចាំឡើងវិញ ។
តែចង់ប្រាប់ថា បុរសម្នាក់នោះបានជា និងចាំឡើងវិញតាំងពីថ្ងៃដែលនាងបាននាំបុរសនោះមកដល់ កន្លែងដើមឈើធំ តាំងពីថ្ងៃទីមួយមកម្ល៉េះ តែដោយចង់ដឹងថា នារីម្នាក់នេះពិតជាមិនបោះបង់ខ្លួនមែន ឬអត់នោះក៏សុខចិត្តបន្ដធ្វើជាមិនចងចាំ ដោយចាំមើលថាតើនាងនឹងគិតបែបណា បើមនុស្សប្រុសដែលខ្លួនស្រឡាញ់នៅតែបែបនោះ ។ នេះមិនខុសពីពាក្យថា គូរព្រេងមិនព្រាត់ពិតមែន ជាមួយនឹងភក្ដីភាពចំពោះស្នេហារបស់អ្នកទាំងពីរ បុរសជាគូរស្នេហ៍បានរៀបរាប់បញ្ជាប់ប្រាប់ខាងស្រីទាំងអស់ ឥតលាក់លៀម ហើយអ្នកទាំងពីរក៏នឹកថា ដើមឈើមួយដើមនេះ ពិតជាជួយអោយគេទាំងពីរនាក់បានជួបគ្នាវិញប្រាកដមែន ហើយអ្នកទាំងពីរក៏បានរៀបមង្គលការជាមួយគ្នា បង្កើតកូនចៅយ៉ាងមានសុភមង្គលរៀងមក ។
សូមបញ្ជាក់ថា ៖ (នេះគ្រាន់តែជាសាច់រឿងនិពន្ធឡើង ដើម្បីបង្កើនសោភ័ណផ្សារភ្ជាប់ជាមួយនិងនាម ដើមឈើថា ដើមឈើចាំស្នេហ៍ ប៉ុណ្ណោះ ) សាច់រឿងបែបណាសូមផ្ដល់មតិខាងក្រោម ។ប្រភពសាច់រឿងដើម៖ ប្រជាជនខេត្តព្រះសីហនុ