ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងវិនិយោគចំនួន៥៥ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៦៧លានដុល្លារអាម៉េរិក ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះបញ្ជីក្នុងខែកញ្ញា ឆ្នាំ២០២៥។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ថា ក្នុងខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤៦៧លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៧ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង។

ក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ គ.វ.ក. បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល គ.វ.ក. បានចុះបញ្ជីគម្រោង វិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាម៉េរិក។

ជាការកត់ សម្គាល់ ត្រឹមតែរយៈពេល៩ខែ គ.វ.ក បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ