កម្ពុជា មានគម្រោងអភិវឌ្ឍផ្លូវដែក ចំនួន ៨គម្រោង ហើយគ្រោងចំណាយថវិកា ១០ពាន់លានដុល្លារអាម៉េរិក
ភ្នំពេញ ៖ របាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា កម្ពុជាមានគម្រោងអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្នសរុបមានចំនួន ៨គម្រោង គ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារអាម៉េរិក។
យោងតាមរបាយការណ៍របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា «ការអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន (ភាគខាងជើង និងភាគខាងត្បូង) ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី (គន្លង និងខ្សែរថភ្លើងថ្មី)។ គម្រោងដឹកជញ្ជូនផ្លូវដែកសរុបមានចំនួន ៨គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារ អាម៉េរិក»។
នៅក្នុងរបាយការណ៍នេះ បានបញ្ជាក់ទៀតថា គម្រោងដឹកជញ្ជូនផ្លូវដែកសរុបមានចំនួន ៨គម្រោងនេះ មានគម្រោងរយៈពេលខ្លី និងមធ្យមចំនួន ៤គម្រោង (២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣ ៨០០លានដុល្លារអាម៉េរិក និងគម្រោងរយៈពេលវែងចំនួន ៤គម្រោង (២០២៨-២០៣៣) ស្មើនឹងទឹកប្រាក់ ៦ ២១០លានដុល្លារអាម៉េរិក។
គិតត្រឹមឆ្នាំ២០២៤ គម្រោងផ្លូវដែកភាគច្រើន ស្ថិតក្នុងដំណាក់កាលសិក្សា ដោយគម្រោងលើកកម្រិតសមត្ថភាពផ្លូវដែកពីភ្នំពេញ-ប៉ោយប៉ែត កំពុងស្ថិតនៅក្នុងការសិក្សា ដោយនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុន CRBC, និង ក្រុមហ៊ុន Royal Railway។ ដោយឡែកគម្រោងកសាងផ្លូវដែកថ្មីតភ្ជាប់៖ (១) ភ្នំពេញ-អាកាសយានដ្ឋានអន្តរជាតិតេជោ (ក្រុងតាខ្មៅ ខេត្តកណ្តាល) និងសៀមរាប-អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ស្រុកសូទ្រនិគម ខេត្តសៀមរាប) ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា ដោយសហការជាមួយ China Metro៕