គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់ លើកទី២ ដើម្បីជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ
ភ្នំពេញ ៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ដាក់ញ្ញត្តិបន្ទាន់ លើកទី២ ដើម្បីជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់ ហើយគិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈ ៦៥ ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន ១៨ នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) គូសបញ្ជាក់សាជាថ្មី ចំពោះញត្តិបន្ទាន់ របស់ គ.ស.ម.ក. ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ ការប្រព្រឹត្តមិនគប្បី និងការធ្វើ មាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែចំនួន២នាក់ត្រឡប់មកវិញ ក្នុងចំណោម២០នាក់ ដោយយោធាថៃ។
គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈ ៦៥ ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន ១៨ នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ ក្រោយពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជានិងប្រទេសថៃ ចូលជាធរមាននៅពាក់កណ្តាលយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
គ.ស.ម.ក. មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការបន្តរការឃុំខ្លួនដោយខុសច្បាប់នេះ បាននាំឱ្យមានការ រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការហាមឃាត់ការឃុំខ្លួនតាម ទំនើងចិត្ត ដោយសិន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ។ ក្រុមគ្រួសាររបស់កងទ័ពកម្ពុជាទាំង ១៨ នាក់ ដែលត្រូវ បានឃុំខ្លួន កំពុងទទួលរងនូវភាពសោកសៅ។ ពេលវេលាកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយគ្មានដំណឹងពីមនុស្ស ជាទីស្រឡាញ់របស់ខ្លួន នាំឱ្យពួកគាត់មានការឈឺចាប់ ភ័យខ្លាច និងទុក្ខព្រួយក្នុងចិត្តជានិច្ច៕