CDC ៖ អង្គការសុខភាពពិភពលោក មិនទាន់រកឃើញថា «ការចាក់វ៉ាក់សាំងកូវីដ-១៩ អាចបង្កជំងឺមហារីកនោះទេ»
ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា នៅរសៀលនេះ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា «រហូតដល់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ អង្គការសុខភាពពិភពលោក (WHO) មិនទាន់រកឃើញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ អាចបង្កជំងឺមហារីកនោះទេ»។
ការបញ្ជាក់ខាងលើរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) ធ្វើឡើងបន្ទាប់ពីមហាជនមួយចំនួនមានការព្រួយបារម្ភ និងបង្ហោះតាមបណ្ដាញសង្គមថា «អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ កំពុងតែប្រឈមនឹងហានិភ័យជំងឺមហារីក»។
គួរឱ្យដឹងថា កាលពីថ្ងៃចន្ទទី២៩ ខែកញ្ញា ឆ្នាំ២០២៥ គេហទំព័រ Daily Mail បានផ្សាយ លទ្ធផលការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវនៅប្រទេសកូរ៉េខាងត្បូង ដែលបានរកឃើញថា អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ មានហានិភ័យកើតជំងឺមហារីកចំនួន ៦ប្រភេទ ជាពិសេសមនុស្សពេញវ័យ។ ជាមួយគ្នានេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅលើពិភពលោក បានចេញមុខច្រានចោលលទ្ធផលនេះថា «គ្មានមូលដ្ឋាន គ្មានភស្តុតាងច្បាស់លាស់ និងមិនអាចយកជាការបានឡើយដែលថា វ៉ាក់សាំងកូវីដ មានពាក់ព័ន្ធនឹងការកកើតជំងឺមហារីក»៕