ភ្នំពេញ ៖ កម្ពុជា និងសហរដ្ឋអាមេរិក បានរួមសហការគ្នាក្នុងការជំរុញយុទ្ធសាស្រ្តគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ ដើម្បីបង្កើនការការពារសន្តិសុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា។

កាលពីថ្ងៃទី៣០ កញ្ញា កម្ពុជា-អាមេរិក បានរៀបចំកម្មវិធីបើកនៃកិច្ចចាប់ផ្តើមគម្រោង ស្តីពី “ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រគ្រប់គ្រង ពាណិជ្ជកម្មអាវុធមហាប្រល័យ” នៅសណ្ឋាគារ Raffles Le Royal Phnom Penh ។

ក្នុងកម្មវិធីនេះលោកស្រី Bridgette Walker ភារធារីស្ថានទូតអាមេរិកបានថ្លែងអំណរគុណដល់លោកនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (NACW) និងកម្មវិធីការត្រួតពិនិត្យការនាំចេញនិងសន្តិសុខព្រំដែន (EXBS) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមគំនិតផ្តួចផ្តើមរួមថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់គ្រងប្រភេទទំនិញយុទ្ធសាស្រ្តទ្វេមុខ ។ នេះបើតាមការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិកចេញផ្សាយនៅថ្ងៃ១ តុលា ។

បើតាមស្ថានទូតថា «ជាមួយគ្នានេះ យើងនឹងជំរុញយុទ្ធសាស្រ្តគ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ ដើម្បីបង្កើនការការពារសន្តិសុខតាមព្រំដែនរបស់កម្ពុជាប្រឆាំងអាវុធមហាប្រល័យ និងជំរុញកំណើនសេដ្ឋកិច្ច ដើម្បីធ្វើឲ្យប្រទេសរបស់យើងកាន់តែមានសុខសុវត្ថិភាព»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ