សម្ដេចក្រឡាហោម ស ខេង ណែនាំអភិបាលរងរាជធានី-ខេត្ត ទទួលបន្ទុកកិច្ចការនាំពាក្យ ត្រូវមានភាពកាន់តែសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអភិបាលរងរាជធានី-ខេត្ត ដែលទទួលបន្ទុកកិច្ចការនាំពាក្យ ត្រូវមានភាពកាន់តែសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព និងបង្កើនទំនាក់ទំនងល្អ។
នាឱកាសអញ្ជើញបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រនយោបាយព័ត៌មាន» ដែលប្រារព្ធធ្វើឡើងនៅទីស្ដីក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «សូមអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ទទួលបន្ទុកកិច្ចការនាំពាក្យ ត្រូវមានភាពកាន់តែសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព និងបង្កើនទំនាក់ទំនងល្អ និងជិតស្និតជាមួយ និងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ក៏ដូចជា ការរៀបចំយុទ្ធសាស្ត្រព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីភាពជោគជ័យក្នុងការផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងកិច្ចទទួលខុសត្រូវលើការដឹង និងការយល់របស់ប្រជាពលរដ្ឋ ដែលអាចចូលរួមយ៉ាងជិតស្និត ទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងបរិយាបន្ន»។
សម្ដេចក្រឡាហោម បន្ដថា អ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមនឹងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ចូលរួមសហការដោយឆន្ទៈខ្ពស់ ដើម្បីពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ក្នុងន័យរៀចំយន្តការច្រកព័ត៌មានទុកតែមួយ ហើយបញ្ចេញតាមច្រកតែមួយតាមរយៈការបំផុសការផ្សព្វផ្សាយ (វេទិកាសាធារណៈ និងការឆ្លើយឆ្លងតាមរលកអាកាសវិទ្យុ និងបណ្តាញសង្គមនានា) នូវរាល់សមិទ្ធផល ជាក់ស្តែងដែលកើតចេញពីការប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី ក៏មានសង្ឃឹមយ៉ាងមុតមាំថា អ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ ក៏ដូចជាអ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៅ ថ្នាក់ក្រោមជាតិ ប្តេជ្ញារួមគ្នាសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចថែរក្សា ការពារផលប្រយោជន៍រួមរបស់ជាតិ ក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាល រួមគ្នាជាមួយប្រជាពលរដ្ឋកម្ពុជាផងដែរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ