ភ្នំពេញ ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា គយមិនអនុញ្ញាតឲ្យម្ចាស់រថយន្តគ្មានពន្ធ ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ចូលខ្លួនមកបង់ពន្ធនោះទេ ក្រោយផុតឱសាទវាទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ក្នុងនោះដែរ គិតមកទល់មកពេលនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធពីរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំបានជាង១០៦លានដុល្លារ ពីរថយន្តជិត ២ម៉ឺនគ្រឿង។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក គុណ ញឹម រៀបចំសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារ ប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។

លោក គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះសំនួរថា តើចប់យុទ្ធនាការផុតឱសាទហើយ តើអនុញ្ញាតឲ្យម្ចាស់ដែលមានស្រាប់ នៅក្នុងប្រទេស មកបង់ពន្ធឬទេ ចំណុចនេះ ខ្ញុំជម្រាបជូនថា គឺយើងអត់មានគោលការណ៍ទេ អត់មានគោលការណ៍អនុញ្ញាត ឲ្យម្ចាស់រថយន្តកំពុងតែបើកប្រើប្រាស់ នៅក្នុងប្រទេសគ្មានពន្ធ ចូលបង់ពន្ធទេ»។

លោក គុណ ញឹម បានលើកឡើងថា «គោលការណ៍ ឬកិច្ចការរបស់គយ គឺធ្វើការនៅព្រំដែន ចំពោះទំនិញនាំចូល ត្រូវបំពេញកាតព្វកិច្ចពន្ធអាករនៅមាត់ច្រក មិនមែនមកដល់ក្នុងស្រុកហើយ បាននឹកឃើញថា មកបង់ពន្ធគឺអត់ទេ ដូច្នេះសម្រាប់ម្ចាស់រថយន្តទាំងស្ដាំ-ទាំងឆ្វេង ដែលនៅសេសសល់កំពុងប្រើក្នុងស្រុក អត់មានជម្រើសទេ ពីព្រោះឱកាសបានផ្តល់ជូនហើយ»។

លោក គុណ ញឹម បានបន្ថែមទៀតថា គោលការណ៍ បានផ្តល់ជូនហើយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនអាចបើកចំហរដោយអត់ឱសាទវាទបានទេ ពីព្រោះបើសិនជាបើកចំហរអត់ឱសាទវាទ មានន័យថា ពិបាកទប់ស្កាត់ពាក់ព័ន្ធនឹងការនាំចូលរថយន្តខុសច្បាប់ ចូលមកក្នុងប្រទេសកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ