(ព័ត៌មានថ្មី)៖ លោក សម រង្ស៉ី ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា
(បារាំង)៖ លោក សម រង្ស៉ី ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ។
នេះបើយោងតាមការបញ្ជាក់ពីក្រុមមេធាវីរាជរដ្ឋាភិបាល ដែលទទួលព័ត៌មានផ្ទាល់ពីមេធាវីបារាំងការពារក្តីជូនលោក ឌី វិជ្ជា នៅទីក្រុងប៉ារីស ថ្លែងប្រាប់ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ការសម្រេចដាក់នៅក្រោមការចោទប្រកាន់លើ លោក សម រង្ស៉ី នេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយដាក់បុគ្គល សម រង្ស៉ី ឱ្យស្ថិតនៅក្រោមការ ចោទប្រកាន់អំពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមការសម្រេចរបស់ចៅក្រមស៊ើបសួរ នៃតុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីស។
ការចោទប្រកាន់នេះគឺត្រូវបានធ្វើឡើងចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់ខាងលើ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង។
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ