យោងតាមគេហទំព័រហ្វេសបុករបស់ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនានេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយរដ្ឋបាលស្រុកប្រាសាទបាគង កំពុងខ្នះខ្នែងជីកអណ្ដូងទឹក បូមភក់ចេញដើម្បីឱ្យទឹកជ្រៅ និងដឹកជញ្ជូនទឹកពីតំបន់ខាងក្រៅ ដើម្បីបញ្ចូលទៅក្នុងកសិន្ធុប្រាសាទបាគង។ ការងារនេះធ្វើឡើងដើម្បីសង្រ្គោះត្រីធំៗក្នុងកសិន្ធុឲ្យបន្តមានជីវិតក្នុងទឹកកសិន្ធុប្រាសាទបាគង។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ឱ្យដឹងថា ការជួយសង្រ្គោះនៅពេលនេះគឺជាលើកទី២ហើយ ព្រោះកាលពីថ្ងៃទី៧ដល់ថ្ងៃទី១៩ ខែឧសភាកន្លងមកក្រុមការងារបានបូមទឹក និងជីកកូនស្រះក្នុងកសិន្ធុម្តងរួចហើយដើម្បីឲ្យត្រីបន្តរស់នៅក្នុងទីតាំងកសិន្ធុទៀត។ ប៉ុន្តែការងារនេះបានផ្អាកទៅវិញ ដោយសារបារម្ភពីការរីងទឹកនៅកសិន្ធុជ្រុងខាងត្បូង។

លោក ឡុង កុសល បានបញ្ជាក់ទៀតថា ស្ថានភាពបច្ចុប្បន្ននៃទឹកក្នុងកសិន្ធុប្រាសាទបាគងមានសភាពរីងហួតខ្លាំង និងមាននៅសល់ទឹកតិចតួច ព្រោះតែដើមរដូវវស្សាកន្លងមកពុំមានភ្លៀងធ្លាក់ច្រើន។ មូលហេតុចម្បងមួយទៀតនោះព្រោះកសិន្ធុទឹកប្រាសាទបាគងមានទំនាក់ទំនងតែជាមួយនឹងស្រទាប់ទឹកក្រោមដី ហេីយក៏ពុំមានភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយស្ទឹងណាទៀតដែរ៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ