ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបញ្ចប់នូវការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការផ្តល់លិខិតអនុញ្ញាត ឲ្យនាវាចូលតាមកំពង់ផែកម្ពុជា ហើយគ្រោងស្នើសុំគោលការណ៍ ពីថ្នាក់ដឹកនាំដាក់ដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមធានាតម្លាភាព ប្រសិទ្ធភាព ចំណេញពេលវេលា និងភាពជឿជាក់ដល់វិនិយោគិន ក៏ដូចជាឆ្លើយតបនឹងស្ថានការ ជំងឺកូវីដ-១៩។


ថ្មីៗនេះ លោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការផ្តល់លិខិតអនុញ្ញាតឲ្យនាវាចូលតាមកំពង់ផែកម្ពុជា ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព ចំណេញពេលវេលា ផ្ដល់ភាពជឿទុកចិត្តដល់អ្នកផ្ដល់ និងអ្នកប្រើប្រាស់សេវា  ព្រមទាំងកាត់បន្ថយនីតិវិធីស្មុគស្មាញដែលធ្វើឱ្យយឺតយ៉ាវក្នុងការចូលចតនាវា។ 

កិច្ចប្រជុំនេះធ្វើឡើងដើម្បីស្ដាប់បទបង្ហាញអំពីវឌ្ឍនភាពការងារពីភាគីពាក់ព័ន្ធដែលទទួលបន្ទុកក្នុងការ អភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែ ដូចជា៖ ប្រតិបត្តិការ និងនីតិវិធីការបំពេញទម្រង់បែបបទចូលចតនាវា ក៏ដូចជានីតិវិធីនៃការទូទាត់ថ្លៃសេវា តាមប្រព័ន្ធ អនឡាញ ជាមួយធនាគារឯកទេសវីង និងដើម្បីប្រមូលធាតុចូលបន្ថែមទៀត សំដៅឱ្យការរៀប ចំប្រព័ន្ធនេះកាត់តែមានសុក្រឹតភាព ព្រមទាំងពិភាក្សាពីទិសដៅបន្ទាប់ចំនួន ៥ចំណុចរហូតដល់ ប្រព័ន្ធត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។


ថ្លែងក្នុងកិច្ចប្រជុំនោះលោក រស់ វណ្ណាបានសង្កត់ធ្ងន់ថា ក្នុងយុគសម័យឧស្សាហកម្មជំនាន់៤.០នេះ បច្ចេកវិទ្យាព័ត៌មានវិទ្យាដើរតួយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មការផ្ដល់សេវាសាធារណៈ ការកសាងទីក្រុងឆ្លាតវៃ (Smart City) ការលើកកម្ពស់និងប្ដូរទម្រង់ក្នុងការបំពេញការងារ ព្រមទាំងការលើកកម្ពស់ វប្បធម៌ អរិយធម៌របស់ជាតិសាសន៍យើងផងដែរ។

លោក បន្ថែមទៀតថាការរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ធ្វើការដាក់ពាក្យ និងទូទាត់ប្រាក់ នេះក៏ជាការចូលរួមដើម្បីឆ្លើយតប ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ COVID-19 ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ