នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថា រយៈពេល១៤ថ្ងៃ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា ពោលគឺថ្ងៃទី០១-១៤ ខែឧសភា ឆ្នាំ២០២០ នគរបាលចរាចរណ៍ បានផាកពិន័យយានយន្តចំនួន ២២,៣៨១គ្រឿង ក្នុងនោះម៉ូតូ ១៦,៥៧៩គ្រឿង និងរថយន្ត ៥,៨០២គ្រឿង ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារចរាចរណ៍ នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានដើម្បី បង្ហាញលទ្ធផលយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការបង្កើននូវទឹកប្រាក់ផាកពិន័យ បន្ទាប់ពីការអនុវត្តបាន២សប្ដាហ៍កន្លងមក។អគ្គស្នងការរងនគរបាលជាតិបានបន្តអោយដឹងទៀតថា រយៈពេល១៤ថ្ងៃនេះ គេសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៩៣លើក ស្លាប់៤៨នាក់ និងរបួស១២២នាក់។ សម្រាប់ថ្ងៃទី១៤ ខែឧសភានេះ យានយន្តដែលល្មើសត្រូវបានត្រួតពិនិត្យ និងផាកពិន័យ មាន១០១២គ្រឿង ក្នុងនោះម៉ូតូមាន ៦៦៩គ្រឿង និងរថយន្ត ៤៤៣គ្រឿង។

ជាមួយគ្នានោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានបញ្ជាក់ជាថ្មីផងដែរថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់នេះ គឺរាជរដ្ឋាភិបាលធ្វើឡើងដើម្បីគុណប្រយោជន៍របស់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពួកគាត់តែប៉ុណ្ណោះមិនមែនធ្វើឡើងដើម្បីសង្កត់ករឬក៏ធ្វើបាបជីវភាពរបស់ប្រជាពលរដ្ឋនោះឡើយ ។

យ៉ាងណាក៏ដោយឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន នៅតែទទួចហើយទទួចទៀត ដល់បងប្អូន ប្រជាពលរដ្ឋនាំគ្នាបន្តចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា ហើយប្រសិនបើមិនគោរពទេនោះ មិនថាឡើយនគរបាលឬមន្ត្រីអនុវត្តច្បាប់នានា ត្រូវតែទទួលទោសផាកពិន័យដូចគ្នានឹងប្រជាពលរដ្ឋយ៉ាងដូច្នេះដែរ ដោយគ្មានការលើកលែងនោះឡើយ។ ជាងនេះទៅទៀតឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានបញ្ជារដល់គ្រប់ ស្នងការរាជធានី-ខេត្ត និងនាយកដ្ឋាននានាត្រូវតែប្រាប់កូនចៅរបស់ខ្លួន ឲ្យធ្វើជាគំរូដ៏ល្អដល់បងប្អូនប្រជាពលរដ្ឋ ដោយបើកបរយានយន្តត្រូវគោរពឲ្យបានត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់មកនោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ