(បរទេស)៖ បើតាមការស្រាវជ្រាវ ចេញផ្សាយក្នុងទស្សនាវដ្តី Nature Communications និងការប៉ាន់ស្មានរបស់ធនាគារពិភពលោក ដែលចុះផ្សាយដោយសារព័ត៌មានបារាំង France 24 បានបញ្ជាក់ថា ប្រជាជនក្នុងពិភពលោកប្រមាណ ២៣ភាគរយ ឬស្មើនឹងចំនួនមនុស្សជិត ពីរពាន់លាននាក់ បាននិងកំពុងបន្តប្រឈមនឹងហានិភ័យខ្ពស់ និងដោយផ្ទាល់ ពីគ្រោះទំជំនន់ ដែលចេញពី សមុទ្រ ទន្លេ ទឹកភ្លៀង និងព្យុះ ក៏ដូចជាការបែងចែកចំនួនប្រជាជន និងភាពក្រីក្រ។
យោងតាមអ្នកវិទ្យសាស្រ្ត ដែលតាមដានផលប៉ះពាល់នៃការប្រែប្រួលអាសធាតុ បង្ហាញថា ការកើនឡើងកម្តៅផែនដី បានធ្វើឱ្យភ្លៀងធ្លាក់ខ្លាំង និងកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក។ ហេតុការណ៍នេះ បណ្តាលឱ្យមានគ្រោះទឹកជំនន់កាន់តែធ្ងន់ធ្ងរទៅៗ នៅតាមតំបន់ជាច្រើននៅទូទាំងពិភពលោក។ការសិក្សាបានបញ្ជាក់ថា ហានិភ័យនៃគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំខាងមុខ នឹងកើតមានឡើងដោយសារការប្រែប្រួលអាសធាតុសកល ដែលបង្កឡើងដោយសកម្មរបស់មនុស្ស និងការពង្រីកទីក្រុង។
គួរបញ្ជាក់ថា ការសិក្សាខាងលើបន្ថែមថា ៩០ភាគរយ នៃចំនួនមនុស្សប្រឈមនឹងហានិភ័យខ្ពស់នៃគ្រោះទឹកជំនន់ គឺរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប មធ្យម និងពលរដ្ឋក្នុងប្រទេសក្រីក្រ៕