សម្តេចតេជោ ហ៊ុន សែន ចង់បង្វែរប្រជាពលរដ្ឋមកចិញ្ចឹមសត្វកម្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ចង់បង្វែរ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជ សម្រាប់ភ្ញៀវទេសចរណ៍ទស្សនា ដើម្បីទទួលកម្រៃពីទេសចរណ៍ផងដែរ។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចុះទៅចាប់សត្វក្ងោក នៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញ។ ការដាក់បទបញ្ជារបស់សម្ដេច ធ្វើឡើងបន្ទាប់ពីសម្ដេច ទទួលបានសំណូមពរពីមជ្ឈដ្ឋាននានា ក្រោយមន្ដ្រីរដ្ឋបាលព្រៃឈើ ចុះទៅចាប់សត្វក្ងោករបស់ប្រជាពលរដ្ឋ ដែលចិញ្ចឹមលក្ខណៈគ្រួសារ ក្នុងស្រុកបរិបូរណ៍។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត ៥ពាន់នាក់ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យកសត្វ ដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក។ សម្ដេច ថា បើយកទោសចំពោះអ្នកចិញ្ចឹមសត្វក្ងោកនោះ អ្នកមានទោសមុនគេគឺ សម្តេច បន្ទាប់មកលោក ហ៊ុន ម៉ានិត, លោក ហ៊ុន តូ និងលោកស្រី ហ៊ុន ម៉ាលីស។
សម្ដេចតេជោ បញ្ជាក់ថា «ប្រភពសត្វជិតផុតពូជនេះ គឺយើងបកពីការរឹតត្បិត ឲ្យទៅជាចលនាចញ្ចឹមសត្វ ដែលជិតផុតពូនេះ ព្រោះអាហ្នឹងអត់មានខាតអីទាល់តែសោះ ហើយចញ្ចឹមដើម្បីយកសាច់ យកសាច់ទៅធ្វើអី អាណាស៊ីសាច់ក្ងោក។ នាំគ្នាចញ្ចឹម ហើយប្រជាពលរដ្ឋអាចដាក់ទីតាំងមួយសម្រាប់មើលរបស់ប្រជាជន ហើយអាចទទួលកម្រៃពីទេសចរណ៍ ដែលចង់មើល។ ខ្ញុំ ចង់បង្វែរប្រជាពលរដ្ឋរបស់យើងចញ្ចឹមសត្វ ដែលជិតផុតពូជទៅវិញ»។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏មិនបន្ទោសមន្ត្រីអនុវត្តន៍ច្បាប់ រឿងចាប់យកសត្វក្ងោកអ្នកភូមិចិញ្ចឹមឡើយ ប្រហែលជាមន្ត្រីអនុវត្តន៍ច្បាប់សំអាងលើហេតុផលដែលមាននៅក្នុងច្បាប់។ សម្តេច បញ្ជាក់ទៀតថា «បើមានមាត្រាណាមួយ និយាយអំពីការរឹតត្បឹតនេះ សូមធ្វើការកែប្រែ ឬវិសោធនកម្មច្បាប់ត្រង់មាត្រានោះតែម្តង»។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លែងចញ្ចឹមសត្វព្រៃនៅភ្នំតាម៉ៅ មិនប្រាកដថា «ចញ្ចឹមរស់ឡើយ» ដូច្នេះការអនុវត្តន៍ច្បាប់ទាំងឡាយ គួរមានភាពវៃឆ្លាតបន្តិច៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ