(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្រុមប្រឆាំងជ្រុលនិយម នៅតែមិនបោះបង់ផែនការបំផ្លាញសុខសន្តិភាព និងស្ថេរភាពសង្គមរបស់កម្ពុជា ។មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ទស្សនាទានជូនអង្គពិធីក្នុងស្រុករុក្ខគិរី អំពីសភាពការណ៍សាកលដែលកំពុងមានការប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជាជំងឺឆ្លងកូវីដ-១៩ ដែលនៅតែមិនទាន់បញ្ចប់ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ វិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ និងបទល្មើសមិនប្រពៃណីជាអន្តរជាតិផ្សេងៗទៀត។ សម្រាប់កម្ពុជា សម្ដេចក្រឡាហោម ក៏បានបន្ថែមថាទន្ទឹមនឹងការប្រឈមបញ្ហាសាកលនេះ ក្រុមប្រឆាំងជ្រុលនិយម ក៏នៅតែមិនបោះបង់ផែនការបំផ្លាញសុខសន្តិភាព និងស្ថេរភាពសង្គមនោះដែរ។

សម្ដេចក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ ក្នុងចំណោមទិសដៅការងារសំខាន់ៗ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខនេះ ដែលសម្ដេចអះអាងគ្រប់តួអង្គត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ