(ភ្នំពេញ)៖ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានមានបន្ទូលថា ឈរលើអត្តសញ្ញាណជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួម ចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ដើម្បីឱ្យមានការបែងចែកមុខងារ ធនធាននិងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍដោយចីរភាពនិងបរិយាបន្ន ។ ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជា រាស្ត្រគ្រប់រូប និងលើកកម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើងដោយធានាបាន នូវសុភមង្គលភាពសុខដុមរមនាយូរអង្វែងទាំងនៅក្នុងគ្រួសារសហគមន៍ និងក្នុងសង្គមជាតិយើងទាំងមូល ។ នេះជាព្រះរាជបន្ទូលព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ក្នុងឱកាសយាងជាព្រះរាជធិបតីភាព នៃការបើកកិច្ចប្រជុំលើកដំបូង នៃ ព្រឹទ្ធសភា អាណត្តិទី៥ នាព្រឹកថ្ងៃ ទី ៣ ខែមេសា ឆ្នាំ២០២៤នេះ។

ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានមានបន្ទូលថា ខ្មែរគឺជាប្រជាជាតិមួយដែលមានអរិយធម៌ដ៏ថ្លៃថ្លា ថ្កុំថ្កើងរុងរឿង ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់យើងត្រូវបានអនុវត្តប្រកបដោយវិចារណញ្ញាណ ក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិពិតប្រាកដ ។ ក្នុងន័យនេះ ការថែរក្សាការពារសន្តិភាព និងស្ថិរភាព។

ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានមានបន្ទូលបន្តថា ជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិ គ្រប់ផ្នែក គ្រប់វិស័យ រួមទាំងការផ្តល់ឱកាសដល់ ការកែលម្អ ឬកែទម្រង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជា ប្រយោជន៍ដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ប្រកបដោយភាពធន់រឹងមាំយូរអង្វែង ។

ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានមានបន្ទូលបន្តថា “ខ្ញុំសូមសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា ខិតខំបំពេញការងារ ប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌របស់ព្រឹទ្ធសភា គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងមានគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការ សម្រេចនូវមុខងារភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅដល់ប្រជារាស្ត្រយើង “។

ក្នុងឱកាសនេះ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានមានបន្ទូលកោតសរសើរដល់ស្ថាប័នព្រឹទ្ធសភាថា តាមរយៈសមិទ្ធផលស្នាដៃ និងវឌ្ឍនភាពក្នុងការអនុវត្តមុខងារស្នូលទាំងបី ព្រឹទ្ធសភាសម្រេចបាន នូវលទ្ធផលវិជ្ជមានជាឧត្តមប្រយោជន៍ចំពោះជាតិ និងប្រជារាស្ត្រ ជាពិសេសពង្រឹងបានស្ថិរភាព នយោបាយ និងការឯកភាពជាតិ លើកកម្ពស់ ការគោរពច្បាប់ និងជំរុញការអនុវត្តគោលនយោបាយ កំណែទម្រង់នានា ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលជាស្ពានតភ្ជាប់អំណាច រដ្ឋខាងលើទៅថ្នាក់មូលដ្ឋានខាងក្រោម ដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យចាក់គ្រឹះកាន់តែជ្រៅចាប់ពីថ្នាក់ ជាតិ ដល់ថ្នាក់មូលដ្ឋានឃុំ សង្កាត់ ។

ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានមានបន្ទូលថា នាឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបើកនីតិកាលថ្មី និងកំពុងបន្តការងារ របស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមគ្នាជាមួយនឹងរាជរដ្ឋាភិបាលបន្តវេនថ្មី ដែលបាននឹង កំពុងដំណើរការក្នុងជំហានដ៏ស្វាហាប់ មានឆន្ទៈមោះមុតពិតប្រាកដ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រទេសជាតិ និងប្រជារាស្ត្រ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ