ក្រសួងមហាផ្ទៃ ៖ បញ្ហាប្រឈមចម្បងក្នុងកិច្ចដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គឺមានពលរដ្ឋមួយចំនួនធ្វើការចំណាក់ស្រុក ដែលមិនអាចអញ្ចើញមកបំពេញបែបបទបាន
(ភ្នំពេញ)៖ គិតចាប់ពីឆ្នាំ២០១២ ក្រសួងមហាផ្ទៃបានចាប់ផ្តើមផលិតផ្តល់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរឌីជីថល ដល់ពលរដ្ឋចាប់ពីអាយុ១៥ឆ្នាំឡើង។ ដោយគិតចាប់ពីខែធ្នូ ឆ្នាំ២០២២ ក្រសួងបានផលិត ផ្តល់អត្តសញ្ញាប័ណ្ណ បានចំនួន ១២.៣០៩.១៣១នាក់ ក្នុងនោះដែល មានអាយុពី១៨ឆ្នាំឡើង មានចំនួន ១១.០៩៧.៨៦៧នាក់។
ក្រសួងមហាផ្ទៃបញ្ជាក់ថា យោងតាមទិន្នន័យស្រង់ពីប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ដែលបានផ្តល់ ជូនចាប់ពីឆ្នាំ២០១២ និងក្នុងអំឡុងខែកក្តដា ឆ្នាំ២០១៣ គត់ដល់ខែកក្តដា ឆ្នាំ២០២៣ ខាងមុននេះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវអស់សុពលភាពមានចំនួន ១.៧២៧.០៩៤នាក់។
ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងមហាផ្ទៃបានរៀបចំផែនការយុទ្ធនាការជំរុញការផលិតផ្តល់អត្តសញ្ញាប័ណ្ណដល់អ្នកដែលកាន់អត្តសញ្ញាណប័ណ្ណអស់សុពលភាពទុតិយតា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២មក ដោយបានស្រង់យកទិន្នន័យអ្នកដែលមានអត្តសញ្ញាណប័ណ្ណអស់សុពលភាព បញ្ជូនទៅឃុំ សង្កាត់ ទូទាំងប្រទេសដើម្បីរៀបចំកម្មវិធីប្រតិទិនក្នុងការអញ្ចើញប្រជាពលរដ្ឋតាមភូមិ ឃុំ សង្កាត់ មកបំពេញបែបបទសុំផ្តល់អត្តសញ្ញាប័ណ្ណទុតិយតា។
ក្រសួងមហាផ្ទៃបន្ថែមទៀតថា លទ្ធផលការផ្តល់អត្តសញ្ញាប័ណ្ណខ្មែរទុតិយតា គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ មានចំនួន ៦១៦.៧២១នាក់ ដោយនៅសល់ចំនួន ១.១១០.៣៧៣នាក់ ។
ក្រសួងបានបញ្ជាក់បញ្ហាប្រឈមចម្បងក្នុងកិច្ចដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គឺមានពលរដ្ឋមួយចំនួនធ្វើការចំណាក់ស្រុក ដែលមិនអាចអញ្ចើញមកបំពេញបែបបទបាន។ ក្រសួងមហាផ្ទៃបន្ថែមថា មួយផ្នែកទៀត គឺប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណទៅប្រើប្រាស់ខុសគោលដៅជាហេតុធ្វើឱ្យគ្មានសំណៅដើមសម្រាប់ផ្ទៀតផ្ទាត់ក្នុងការបំពេញបែបបទផ្តល់អត្តសញ្ញាប័ណ្ណ។
ក្រសួងមហាផ្ទៃនឹងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណទុតិយតា តាមគ្រប់មធ្យោបាយ ដើម្បីផ្តល់ជូនពលរដ្ឋដែលមានតម្លៃប្រើប្រាស់ក្នុងការទទួលយកសេវារដ្ឋបាលផ្សេងៗ និងក្នុងការបំពេញសិទ្ធនយោបាយរបស់ខ្លួន៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ