ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបន្ដចេញបទបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាបង្ក្រាប និងលុបបំបាត់បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ អំពើចោរកម្ម ក្រុមក្មេងទំនើងឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន។

ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាអាណាព្យាបាល ក៏ដូចជាលោកគ្រូអ្នកគ្រូ សូមខិតខំអប់រំកូនចៅ ក្រុមគ្រួសារ និង សិស្សានុសិស្សទាំងអស់អោយជៀសឆ្ងាយពីបញ្ហាដូចបានរៀបរាប់។

សម្ដេចក្រឡាហោម បានថ្លែងបញ្ជាក់ថា «ហើយអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវរួមគ្នាបង្ក្រាប និងលុបបំបាត់បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ អំពើចោរកម្ម ក្រុមក្មេងទំនើងឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន និង ចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ ចរាចរណ៍»។

លើសពីនេះ សម្ដេច ក៏បានអំពាវនាវឱ្យបន្តរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តឱ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាននូវគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព ក្នុងនោះ បញ្ហាដែលត្រូវយកចិត្តទុកដាក់ដោះស្រាយរួមមាន បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ប្រដាប់អាវុធ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវប្រជាពលរដ្ឋត្រូវបន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យ ស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីបង្កបរិយាកាសអំណោយផលដល់ការកសាងជីវភាព គ្រួសារ ការកសាងអភិវឌ្ឍស្រុក ឃុំ ភូមិ និងប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើនជាបន្ថែមទៀត ព្រោះថា មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ដូចនេះយើងត្រូវចេះ ស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាព ការពារសន្តិភាព និងអរគុណសន្តិភាព៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ