សម្ដេចក្រឡាហោម ស ខេង អំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោត ថ្ងៃ២៣ កក្កដា បានគ្រប់ៗគ្នា ដើម្បីកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បានគ្រប់ៗគ្នា ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅប្រទេសកម្ពុជា។
ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «សូមអំពាវនាវ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួន ដើម្បីអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សម្រាប់ជា មូលដ្ឋានអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនបន្តទៀត។
ចំពោះប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬជិតផុតសុពលភាព ឬខូចប្រើប្រាស់មិនបាន និងប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យប្រញាប់រួសរាន់ ទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលខ្លួនរស់នៅ ដើម្បីបំពេញបែបបទស្នើសុំ អត្តសញ្ញាណប័ណ្ណថ្មីដោយឥតគិតថ្លៃ ដើម្បីប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ជាឯកសារបញ្ជាក់អត្តសញ្ញាណក្នុងការបោះឆ្នោត និងសម្រាប់ប្រើប្រាស់ក្នុងការងារ ផ្ទាល់ខ្លួនផ្សេងៗទៀត។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានណែនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ និងកងកម្លាំងមានសមត្ថកិច្ច ទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឱ្យត្រឹមត្រូវនូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងនោះត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនមានការរើសអើង និន្នាការនយោបាយ ប្រកបដោយយុត្តិធម៌ និងសុចរិតភាព។ សម្ដេចអះអាងថា មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ មេភូមិ មន្ត្រីសុខាភិបាលបម្រើការងារនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ និងធ្វើជាគំរូក្នុងការបម្រើប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានដោយមិនរើសអើងនិន្នាការនយោបាយ។
សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានអំពាវនាឱ្យបន្តរួមគ្នាខិតខំចូលរួមអភិវឌ្ឍមូលដ្ឋានដើម្បីកសាងស្រុក ឃុំ ភូមិអោយ កាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ សម្ដេចក៏ជំរុញ និងលើកទឹកចិត្ត ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ត្រូវបន្តចូលរួមជួយឧបត្ថម្ភគាំទ ដល់ការកសាងអភិវឌ្ឍមូលដ្ឋាន និងបន្តចូលរួមគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះធម្មជាតិ គ្រោះថ្នាក់ផ្សេងៗ និងប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងជីវភាពរស់នៅ និងជនងាយរងគ្រោះនានា ដើម្បីពង្រឹង និងលើកកម្ពស់សមធម៌ និងភាពសុខុដុម រមនានៅមូលដ្ឋាននានាក្នុងស្រុកបាណន់ ក៏ដូចជាក្នុងខេត្តបាត់ដំបងទាំងមូល៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ