(សៀមរាប)៖លោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួង ទេសចរណ៍ កាលពីថ្ងៃទី១៦ ខែកុម្ភៈ បានដឹកនាំកិច្ច ប្រជុំផ្សព្វផ្សាយការត្រៀមទទួលទេសចរចិន (China Ready) ដោយមានការចូលរួមជាអធិបតីដោយ លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងអាជ្ញាធរជាតិអប្សរា តំណាងគ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ខេត្តសៀមរាប និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀម រាប។
 
ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេស ចរអន្តរជាតិ ពី ៣-៤លាននាក់ ដែលមានទេសចរចិនពី៨០ ម៉ឺន-១លាននាក់ ក្នុងនោះប្រមាណជិត៣០%នៃទេសចរចិននឹងរំពឹងថា មកទស្សនាខេត្តសៀមរាប ខណៈដែលឆ្នាំ ២០២២ ខេត្តសៀមរាបទទួលបានទេសចរចិនតែ ១៨,៧៦៣ នាក់ កើនឡើង ២៣៧. ១៦% ធៀបនឹងឆ្នាំ២០២១ ដែលឈរនៅលំដាប់ទីផ្សារអាទិភាពទី៤ ក្នុងខេត្តសៀមរាប។
 
លោក សុខ សង្វារ បញ្ជាក់ថា ក្រោយប្រទេសចិនប្រកាសបើកប្រទេសកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ មក កម្ពុជាបន្តទទួលជើងហោះហើរត្រង់ជាបន្តបន្ទាប់ពីគោលដៅប្រទេសចិនចូលមកកាន់កម្ពុជា ពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ដោយ ឡែកខេត្តសៀមរាបពុំទាន់មានជើងហោះហើរត្រង់ពីប្រទេសចិននៅឡើយ ហើយចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ តទៅ អាចរំពឹងថានឹងមានជើងហោះហើរត្រង់ចូលមកខេត្តសៀមរាបជាបន្តបន្ទាប់ ដែលកិច្ចការទំាងនេះទាមទារឱ្យប្រតិបត្តិករទេសចរណ៍ទទួលទីផ្សារចិនទំាងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីពង្រឹងគុណ ភាពសេវាឱ្យស្របតាមតម្រូវការរបស់ទេសចរចិន និងការកំណត់នានាដែលមានចែងក្នុងសៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា ដែលបានដាក់ឱ្យអនុវត្តដោយក្រសួងទេសចរណ៍កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។
 
សូមជម្រាបថា ក្រសួងទេសចរណ៍ ទទួលបានការអនុញ្ញាតជាផ្លូវការ ពីរាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃ តេស្ត PCR សម្រាប់ទេសចរចិនមក១៣០$ មកត្រឹម៥០ $វិញ។ ទន្ទឹមនឹងនោះក្រសួងទេសចរណ៍នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងផ្នែកឯក ជនក្នុងវិស័យទេសចរណ៍ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្កើនភាពទាក់ទាញទេសចរចិនមកកម្សាន្តគោលដៅ ទេសចរណ៍វប្បធម៌ខេត្តសៀមរាបឱ្យបានច្រើន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ