ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានចោទជាសំនួរថា តើត្រូវធ្វើដូចម្ដេច? ឱ្យមនុស្សមានជំនាញកាន់តែខ្ពស់ ព្រោះប្រទេសជាតិមួយអាចគង់វង្ស និងរីកចម្រើនបាន គឺអាស្រ័យលើកត្តាធនធានមនុស្ស។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីគ្រប់កម្រិត នៃសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ចំនួន ១.៥៥០នាក់ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង បានថ្លែងថា «ប្រទេសជាតិមួយអាចគង់វង្ស ឋិតថេរ និងមានការអភិវឌ្ឍរីកចម្រើនបាន គឺអាស្រ័យដោយសារកត្តាធនធានមនុស្ស របស់ប្រទេសនោះឯង និងបន្តថា បញ្ហារបស់យើងគឺនៅត្រង់ថា តើត្រូវធ្វើដូចម្ដេចឱ្យមនុស្សរបស់ យើងមានជំនាញកាន់តែខ្ពស់ ផលិតភាពកាន់តែខ្ពស់ និងមានចំណូលកើនឡើងជាលំដាប់»។

សម្ដេច បន្ដថា ទាំងនេះជាសំណួរដែលគ្រប់បុគ្គល គ្រួសារ សហគមន៍ សាលារៀន សាកលវិទ្យាល័យ ជាពិសេស លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យត្រូវគិតដោះស្រាយនិងធ្វើសកម្មភាពទាំងអស់ គ្នាអោយបានកាន់តែល្អថែមទៀត។

សម្ដេច ស ខេង បន្ថែមថា ក្រៅពីកេរ្តិ៍ដំណែលធម្មជាតិ សមិទ្ធផលទាំងឡាយ លើលោកនេះគឺកើតឡើងពីស្នាដៃរបស់មនុស្ស និងថាថ្ងៃនេះនិស្សិតជ័យលាភីទាំងអស់បាន ក្លាយជាអ្នកមានជំនាញ ហើយអ្វីដែលត្រូវធ្វើបន្ត គឺត្រូវអភិវឌ្ឍជំនាញទាំងនេះអោយ កាន់តែពូកែ ឱ្យកាន់តែស្ទាត់ និងធ្វើការងារឱ្យសកម្ម នោះអ្នកទាំងអស់គ្នានឹង ទទួលបានជោគជ័យ និងអនាគតល្អ។

លើសពីនេះ សម្ដេច ក៏បានស្នើគ្រឹះស្ថានបណ្តុះបណ្តាល និងតួអង្គពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាពឆ្ពោះទៅពង្រឹង និងពង្រីកអោយបានកាន់ត ល្អប្រសើរនូវជំនាញខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត អោយបានកាន់តែច្រើន ដើម្បី ចូលរួមអភិវឌ្ឍធនធានមនុស្សប្រទេសយើង បានកាន់តែមានប្រសិទ្ធភាពខ្ពស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ