ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា អង្គការ FATF ដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះនោះ គឺជាសមិទ្ធផលថ្មីមួយ នឹងរួមចំណែកបង្កើនជំនឿទុកចិត្តពីសំណាក់វិនិយោគគិន មកធ្វើពាណិជ្ជកម្ម នៅកម្ពុជា។

ថ្មីៗនេះ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានប្រកាសដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងលាងលុយកខ្វក់។ កម្ពុជា ធ្លាប់ត្រូវបានអង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេស មានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល ៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩ មក។

នាឱកាសអនុញ្ញាតឱ្យ គណៈប្រតិភូក្រុមប្រឹក្សាធុរៈកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ចូលជួបពិភាក្សាការងារ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច ស ខេង បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំយកចិត្តទុកដាក់ដោះស្រាយនូវ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀនខុសច្បាប់ រួមទាំង ការងារពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

លើសពីនេះ សម្ដេច ក៏បានលើកឡើងអំពីសមិទ្ធផលថ្មីៗនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបាន គឺការសម្រេចរបស់អង្គការ FATF ក្នុងការដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យសម្អាតប្រាក់។ សម្ដេច ចាត់ទុកថា «នេះគឺជាសមិទ្ធផលមួយដែលនឹងរួមចំណែកដល់ការបង្កើនជំនឿទុកចិត្តពីសំណាក់វិនិយោគគិន មកលើបរិយាកាសវិនិយោគ ក៏ដូចជាការធ្វើពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា»។

សម្ដេច បានថ្លែងអំណរគុណចំពោះអង្គការ FATF ដោយក្នុងនោះ សហរដ្ឋអាមេរិក ក៏ជាសមាជិកមួយនៅក្នុងអង្គការនេះ ដែរ ហើយអង្គការបានផ្ដល់នូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា រហូតដល់សម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះនេះ។

ជុំវិញការបោឆ្នោតនៅឆ្នាំ២០២៣នេះ សម្ដេច ស ខេង បានប្ដេជ្ញាធ្វើយ៉ាងណារក្សាបរិយាកាសសង្គមឱ្យបានល្អប្រសើរ ដើម្បីបម្រើឱ្យដំណើរការបោះឆ្នោត នាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហឹង្សា និងស្របតាមគោលការណ៍លទ្ធប្រជាធិបេតយ្យ សេរី ពហុបក្ស។

លោក ម៉ៃឃើល មីចាឡាក់ (Amb. Michael Michalak) តំណាងឱ្យក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) ក៏បានថ្លែងអំណរគុណចំពោះ សម្ដេច ស ខេង បានផ្ដល់នូវព័ត៌មានបច្ចុប្បន្នភាព ក៏ដូចជាព័ត៌មានមួយចំនួនអំពីស្ថានភាពទូទៅ នៃសេដ្ឋកិច្ច សន្ដិសុខ និងនយោបាយនៅកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ