ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសថា រាជរដ្ឋាភិបាល នឹងពិចារណានូវតម្លៃលិខិតឆ្លងដែន (ប៉ាសស្ព័រ) ឲ្យមានតម្លៃសមស្របណាមួយ ព្រោះមានប្រជាពលរដ្ឋស្រែកថា «មានតម្លៃថ្លៃពេក»។

ការធ្វើលិខិតឆ្លងដែនធម្មតាដែលប្រើសេវារយៈពេល ២០ថ្ងៃ គេត្រូវបង់ថ្លៃ ១០០ ដុល្លារ ខណៈសេវារយៈពេល ១០ថ្ងៃមានតម្លៃ ១៥០ដុល្លារ។ ដោយឡែកសេវារយៈពេល ១ថ្ងៃ គេត្រូវបង់ថ្លៃ ២០០ដុល្លារ។

ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិសិ្សត នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា សាខាខេត្តបាត់ដំបង និងសាខាខេត្តបន្ទាយមានជ័យ សម្តេច ស ខេង បានថ្លែងថា «អ្នកខ្លះស្រែថា ប៉ាសស្ព័រ ថ្លៃពេកដែរ រដ្ឋាភិបាលនឹងពិចារណាទៀត តម្លៃប៉ុណ្ណាដែលស្រប រដ្ឋាភិបាលយើងនេះ គឺកើតចេញពីការបោះឆ្នោត»។

ឆ្លៀតឱកាសនោះ សម្ដេច ស ខេង លើកឡើងថា ក្រសួង បានបញ្ជូនបញ្ជីឈ្មោះអ្នកហួសសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅតាមឃុំ-សង្កាត់ រួចរាល់ហើយ ដូច្នេះអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវអញ្ជើញប្រជាពលរដ្ឋដែលបានកាត់អត្តសញ្ញាណប័ណ្ណផុតសុពលភាព ឲ្យពួកគាត់មកធ្វើអត្តសញ្ញាណប័ណ្ណថ្មី។

សម្ដេច បញ្ជាក់ទៀតថា «អាជ្ញាធរដឹងថា អ្នកណាផុតសុពលភាពអត្តសញ្ញាណប័ណ្ណ ព្រោះយើងបានចុះបញ្ជីត្រឹមត្រូវ តាមប្រព័ន្ធកុំព្យូទ័ររបស់យើង ដូច្នេះត្រូវអញ្ជើញគាត់មកធ្វើអត្តសញ្ញាណប័ណ្ណថ្មី»។

សម្ដេច សង្កេតឃើញថា ចំពោះប្រជាពលរដ្ឋដែលមិនអញ្ជើញធ្វើអត្តសញ្ញាណប័ណ្ណថ្មី ដោយសារជាប់ធ្វើក្រៅស្រុករបស់ខ្លួនរស់នៅ មួយវិញទៀត ដាក់អត្តសញ្ញាណប័ណ្ណនៅកន្លែងបញ្ចាំង។ សម្ដេច ថា ច្បាប់ថ្មី មិនអនុញ្ញាតឲ្យពលរដ្ឋដាក់អត្តសញ្ញាណប័ណ្ណបញ្ចាំង ហើយអ្នកទទួលអត្តសញ្ញាណប័ណ្ណបញ្ចាំង គឺខុសច្បាប់ដូចគ្នាដែរ។

លើសពីនេះ សម្ដេច ស ខេង ណែនាំអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវជំរុញប្រជាពលរដ្ឋរបស់មកធ្វើអត្តសញ្ញាណប័ណ្ណថ្មី មិនឥតគិតថ្លៃ ព្រោះរាជរដ្ឋាភិបាល បានចំណាយទុនយ៉ាងច្រើន ដើម្បីផលិតអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋខ្មែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ