ខ្សែបម្រើ Mesut Ozil កំពុងតែបាត់បង់ទំនុកចិត្តពីសំណាក់គ្រូបង្វឹកលោក Unai Emery ដែលអនាគតរបស់ខ្លួនហាក់ស្រពិចស្រពិល ខណៈក្លិបកំពុងពិចារណាដាក់ម្ចាស់អាវលេខ ១០ឲ្យក្លិបដទៃខ្ចីជើងនាខែមករាខាង​មុខនេះ។

ក្រោយពីមិនមានឈ្មោះលេងក្នុងការប្រកួតជាមួយ Spurs ក្នុងពានរង្វាន់ Carabao Cup កាលពីរាត្រីថ្ងៃពុធកន្លងទៅ ត្រូវបានគេសង្ស័យថាអនាគតរបស់បុរសវ័យ ២៩ឆ្នាំជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងឡុងន៍កាន់តែផុយស្រូយ។

ប្រភពពី Arsenal បាននិយាយថាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញស្គាល់ច្បាស់ពីទេពកោសល្យដល់ល្អរបស់កីឡាករ Ozil ប៉ុន្ដែរូបគាត់ចង់បានការបង្ហាញសមត្ថភាពខ្លាំងជាងនេះក្នុងតំណែងអាវលេខ ១០របស់គាត់បន្ទាប់ពីសប្តាហ៍ដ៏ច្របូកច្របល់។

លោក Emery បានលើកឡើងក្រោយចប់ការប្រកួតចាញ់ Spurs ២ទល់០ យ៉ាងដូច្នេះថា៖« វាគឺជាយុទ្ធសាស្ត្រ ព្រោះខ្ញុំគិតថាកីឡាករនៅក្នុងថ្ងៃនេះ គឺល្អបំផុតសម្រាប់ប្រកួតនេះ។ ខ្ញុំតែងតែគិតគ្រប់កីឡាករទាំងអស់។ ពួកយើងមានកីឡាករចំនួន ២៤ទៅ២៥នាក់ ហើយនៅពេលដែលកីឡាករណាម្នាក់មិនបានចូលប្រកួត ច្បាស់ណាស់វាគឺជាការសម្រេចចិត្ត និងជាយុទ្ធសាស្ត្ររបស់ខ្ញុំ »។

គួរបញ្ជាក់ថា Arsenal បរាជ័យ ២ប្រកួតជាប់គ្នាក្រោយចាញ់ Spurs ២ទល់០ ក្នុងពានរង្វាន់ Carabao Cup និងចាញ់ Southamton ២ទល់៣ ដែលជាអ្នកបញ្ចប់ដំណើរ ២២ប្រកួតមិនចាញ់របស់ក្រុមលោក Unai Emery៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ