មានកៅអីជម្រុះ AFC Champion League 2019 ក្លិប True Bangkok United នាំចូលសមាជិកក្នុងស្រុកថ្មី៣រូប
ក្លិប True Bangkok United បានប្រកាសអំពីការបង្ហាញមុខសមាជិកថ្មី ៣រូបសម្រាប់ពង្រឹងសមត្ថភាពក្រុមទាំងក្នុងលីគកំពូលថៃ ក្រោយពីបានកៅអីប្រកួតវគ្គជម្រុះនៃពានរង្វាន់ AFC Champion League 2019 ផងដែរ។ សមាជិកថ្មី ៣រូបសុទ្ធសឹងតែជាកីឡាករក្នុងស្រុកទាំងអស់ ពោលគឺកីឡាករ Tristan Do និងកីឡាករ Peerapat Notchaiya មកពីក្លិប Maungthong United និងកីឡាករ Anon Amornlerdsak មកពីក្លិប Bangkok Glass ផងដែរ។
១ កីឡាករ Tristan Do : ក្នុងនាមជាខ្សែបម្រើរូបគេធ្លាប់បានប្រកបអាជីពនៅបារាំងជាមួយក្រុម Lorient ប៉ុន្ដែមិនបានបង្ហាញខ្លួននោះទេ ក៏បន្តចូលរួមជាមួយ SAS Épinal, Gazélec Ajaccio មុនត្រលប់មកចូលរួមនៅលីគកំពូលថៃជាមួយក្រុម BEC Tero Sasana ហើយក៏ផ្លាស់មកកាន់ក្លិប Muangthong United បង្ហាញខ្លួនបាន ៨៨ប្រកួត ទាត់ចូលទីបាន ៩គ្រាប់ផងដែរ។ សម្រាប់ក្រុមជម្រើសជាតិវិញ ម្ចាស់អាវលេខ៧ថ្មីរូបនេះ ធ្លាប់ចូលលេងឈុត U-23 និងឈុតធំផងដែរ។
២ កីឡាករ Peerapat Notchaiya: កីឡាករវ័យ ២៥ឆ្នាំរូបនេះ ជាយុវជនថ្នាលរបស់ Suphanburi Sport School និង Police United ( បច្ចុប្បន្នប្ដូរមកឈ្មោះ BEC Tero Sasana ) ហើយក៏បានឡើងមកលេងឈុតធំឲ្យក្រុមនាឆ្នាំ ២០១២ មុនផ្លាស់មក ក្លិប Muangthong United នៅក្នុងឆ្នាំ ២០១៦ ដោយបានបង្ហាញខ្លួនចំនួន ៦៨លើក ទាត់ចូលបាន ៣គ្រាប់ផងដែរ។ ចំណែកនៅក្នុងក្រុមជម្រើសជាតិវិញ រូបគេធ្លាប់ជាប់តាំងពីឈុត U-19, U-23 និងក្រុមឈុតធំផងដែរ។
៣ កីឡាករ Anon Amornlerdsak : ក្នុងនាមជាខ្សែបម្រើប្រយុទ្ធ កើតចេញពីថ្នាលយុវជនរបស់ក្លិប Buriram United រូបគេបានដំឡើងមកកាន់ឈុតធំនាឆ្នាំ ២០១៤ និងបានបព្ចេញឲ្យក្លិប Surin City ខ្ចីជើងនាឆ្នាំ ២០១៤ដដែលនោះ ហើយក៏បានបន្តទៅរួមរស់ជាមួយក្លិប Bangkok Glass នាឆ្នាំ ២០១៨ ផងដែរ។ សម្រាប់ក្រុមជម្រើសជាតិ ខ្សែបម្រើប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះ ធ្លាប់ចូលលេងក្នុងឈុត U-19, U-21, U-23 និងឈុតធំ។
គួរបញ្ជាក់ថា ក្លិប True Bangkok United នារដូវកាល ២០១៨នេះពិតជាធ្វើបានល្អមែនទែន បើទោះបីត្រឹមជាជើងឯករងលីគកំពូលថៃក៏ដោយ ក្រោយធ្វើការប្រកួតចំនួន ៣៤លើកក្នុងនោះឈ្នះ ២១លើក ស្មើ ៨លើក និងចាញ់ ៥លើក មាន ៧១ពិន្ទុ និងបានធ្វើការប្រកួតជម្រុះក្នុងពានរង្វាន់ AFC Champion League 2019 ផងដែរ៕
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់