ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងពីការចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ ដោយនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «អនុលោមតាមប្រកាស របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រុមការងារចម្រុះ រាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការ ប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០២៣ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤»។

អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ក្នុងករណីម្ចាស់ យានយន្តខកខាន មិនបានប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ប្រចាំ ឆ្នាំ២០២៣ រួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ពន្ធបន្ថែម ចំពោះការយឺតយ៉ាវ ក្នុងការប្រកាសបង់ពន្ធតាមច្បាប់ ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់ បំពេញកាតព្វកិច្ចសារពើពន្ធ ដោយរួសរាន់ទៅប្រកាសបង់ពន្ធបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីចៀសវាងក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវ តម្រូវឲ្យបង់ប្រាក់ពន្ធ ដែលនាំឲ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរ ដែលអាចកើតមាននូវបាតុភាពអស់កម្ម ដោយប្រការណាមួយជាយថាហេតុ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ