រដ្ឋមន្ត្រីក្រសួងធនធានទឹក ៖ កម្ពុជា កំពុងទទួលរងពីឥទ្ធិពលអ៊ែលនីណូ បណ្តាលឱ្យអាកាសធាតុក្តៅ និងមានកម្រិតទឹកភ្លៀងតិច
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានថ្លែងប្រាប់ទីភ្នាក់ងារទឹកបារាំង ថា ប្រទេសកម្ពុជាកំពុងទទួលរងពីឥទ្ធិពលអ៊ែលនីណូ បានបណ្តាលឱ្យអាកាសធាតុក្តៅ និងមានកម្រិតទឹកភ្លៀងតិច។
នាឱកាសអនុញ្ញាតឱ្យលោក David BOURMAUD ប្រធានគ្រប់គ្រងអន្តរាគមន៍ឯកទេសក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃទីភ្នាក់ងារទឹកបារាំង Rhin-Meuse នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមករបស់ទីភ្នាក់ងារទឹកបារាំង Rhin-Meuse អង្គការ GESCOD, SDEA និង SIEM ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យធនធានទឹកនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូពីតួនាទីដ៏ចម្បងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលមានការងារពីរសំខាន់គឺការគ្រប់គ្រងទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលផ្គត់ផ្គង់ទឹកលើគ្រប់វិស័យមានវិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ទូទៅក្នុងជីវភាពរស់នៅ និងការព្យាករឧតុនិយម ដោយធ្វើការជូនដំណឹងជាមុនពីស្ថានភាពអាកាសធាតុ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានលើកឡើងពីការប្រែប្រួលអាកាសធាតុនៅលើពិភពលោក ដែលកំពុងទទួលការចាប់អារម្មណ៍និងយកចិត្តទុកយ៉ាងខ្លាំងពីបណ្តាប្រទេសនានា ក្នុងនោះដែរ ប្រទេសកម្ពុជាកំពុងទទួលរងពីឥទ្ធិពលអ៊ែលនីណូ ដែលបានបណ្តាលឱ្យអាកាសធាតុក្តៅ និងមានកម្រិតទឹកភ្លៀងតិច។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែកំណត់យកការអភិវឌ្ឍវិស័យធនធានទឹក ជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពចំនួន ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបម្រើឱ្យការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករ។
តំណាងគណៈប្រតិភូទីភ្នាក់ទឹកបារាំង Rhin-Meuse លោក David BOURMAUD បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អជាមួយក្រសួងធនធានទឹក និងឧតុនិយម នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់ពីជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០២៤-២០២៥៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ