កម្ពុជា-ឡាវ-វៀតណាម បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំង៣ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ
ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រី កម្ពុជា-ឡាវ-វៀតណាម បានបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំង៣ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ រួមទាំងការជំរុញអនុវត្ត «កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ» (Three Countries One Destination Package)។
ការលើកឡើងរបស់ នាយករដ្ឋមន្ដ្រី កម្ពុជា-ឡាវ-វៀតណាម បានធ្វើឡើងក្នុងជំនួបអាហារពេលព្រឹក និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំង៣ បានវាយតម្លៃខ្ពស់ចំពោះជំនួបជាលក្ខណៈត្រីភាគី នាឱកាសនេះ ដែលរួមចំណែកដល់ការថែរក្សាមិត្តភាពជាប្រពៃណី និងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត រួមមានជាអាទិ៍៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល, ការតភ្ជាប់, ការបន្តលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ, ការជំរុញអនុវត្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)” និងជាពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែមានការរីកចម្រើនប្រសើរឡើង ។
ដោយឡែក ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ, ថ្នាក់ដឹកនាំទាំង៣ បានឯកភាពគ្នាក្នុងការបន្តការរៀបចំលំហាត់រួមត្រីភាគី និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ ដែលសុទ្ធសឹងជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញកំណើននៃការអភិវឌ្ឍប្រទេសទាំង៣ កម្ពុជា ឡាវ និងវៀតណាម៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ