ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន បានកោតសរសើរកម្ពុជា ចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ថា កម្ពុជា ធ្លាប់ជាប្រទេសទទួលកងកម្លាំងរក្សាសន្តិភាពមួកខៀវ របស់អង្គការសហប្រជាជាតិ (អ.ស.ប.) ប៉ុន្តែបច្ចុប្បន្ន បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ដើម្បីបំពេញបេសកម្មថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ។

ការលើកឡើងរបស់ភាគីជប៉ុនខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ក៏បានបង្ហាញនូវឆន្ទៈប្រឹងប្រែងក្នុងការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងកងកម្លាំងស្វ័យការពារជប៉ុន ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ។

ជាមួយគ្នានេះលោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះគំរូវីរភាពរបស់កម្ពុជា ដែលនៅក្នុងឆ្នាំ១៩៩១ គឺជាប្រទេសដែលទទួលកងកម្លាំងរក្សាសន្តិភាពមួកខៀវ របស់អង្គការសហប្រជាជាតិ (អ.ស.ប.) ប៉ុន្តែមកដល់បច្ចុប្បន្ន កម្ពុជាក៏បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនក្រោមឆត្រ អ.ស.ប. ដើម្បីបំពេញបេសកម្មថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ជាពិសេសលើផ្នែកបោសសម្អាតមីន និងជំនួយមនុស្សធម៌ ហើយទាំងនេះ គឺជាមេរៀន និងពិសោធន៍ដ៏ល្អ ដែលអាចរៀនសូត្រពីកម្ពុជាបាន ។

ព្រមជាមួយគ្នានេះ សម្តេចធិបតី បានរំឭកផងដែរថា កាលពីនៅក្នុងមុខតំណែង ជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតីផ្ទាល់ បានជំរុញទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ រហូតឈានទៅដល់ការចុះឯកសារលក្ខខណ្ឌ ស្តីកិច្ចសហប្រតិបត្តិការ (TOR) ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ឡើង ជាពិសេសជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យមានលក្ខណៈសកម្ម និងរស់រវើក ប្រកបដោយអនាគតវែងឆ្ងាយ ។

ក្នុងនោះដែរភាគីទាំងពីរ ក៏បានបេ្តជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាអាទិ៍ កិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន ការធ្វើលំហាត់រួមគ្នា ក្នុងជួយសង្រ្គោះពេលមានគ្រោះមហន្តរាយ ការបណ្តុះបណ្តាលធនធានមនុស្ស និងកម្មវិធីទស្សនកិច្ចសិក្សារបស់សិក្ខាកាមយោធិនកម្ពុជា នៅប្រទេសជប៉ុន ជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ