ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានណែនាំប្រជាពលរដ្ឋខ្មែរ រស់នៅតំបន់គ្រោះរញ្ជួយដី ក្នុងប្រទេសជប៉ុន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងបន្ដអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ទោះបីជា ទីភ្នាក់ងារឧតុនិយមជប៉ុន បានដកការព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមបណ្តាខេត្តរងគ្រោះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជា បានប្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ កំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន អំពីស្ថានភាពនៃគ្រោះរញ្ជួយដី (កម្រិត ៧.៦) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដែលអាចបង្កឱ្យមានហានិភ័យ នៃគ្រោះមហន្តរាយដោយរលកយក្សស៊ូណាមិ នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa ដែលរងផលប៉ះពាល់ច្រើនជាងគេ និងបណ្តាខេត្តក្បែរខាង ដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo។

ស្ថានឯកអគ្គរាជទូតកម្ពុជា បន្ដថា ដោយគិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ តាមប្រភពព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ចំនួនអ្នកស្លាប់យ៉ាងហោចណាស់ ចំនួន ២៤នាក់ (មិនទាន់បញ្ជាក់អត្តសញ្ញាណ) នៅខេត្ត Ishikawa និងអ្នករបួសជាង ៦០នាក់ទៀត ក្នុងខេត្ត Ishikawa, Niigata, Fukui, Toyama និង Gifu, អគារជាង ១០០ខ្នង នៅខេត្តIshikawa ត្រូវបានរងគ្រោះដោយអគ្គីភ័យ និងអគារជាច្រើនទៀតបានដួលរលំ, រហូតមកដល់ពេលនេះ មានប្រជាជនជាង ៤៥,០០០គ្រួសារ បានជម្លៀសទៅកាន់ទីសុវត្ថិភាព (ក្នុងចំណោម ៤៥,០០០គ្រួសារនេះ នៅតំបន់ខ្លះ មិនមានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទេ), មានការដាច់ចរន្តអគ្គីសនីចំនួន ៣៣,០០០ខ្នង, រដ្ឋាភិបាលជប៉ុន កំពុងដឹកស្បៀងអាហារទៅតំបន់រងគ្រោះ និងបញ្ជូនកងកម្លាំងប្រមាណជាង ១,០០០នាក់ (បានទៅដល់កន្លែងរងគ្រោះមួយចំនួន) ដើម្បីទៅជួយសង្គ្រោះ និង ៨,៥០០នាក់ ផ្សេងទៀតត្រៀមនឹងបញ្ជូនបន្ថែម ក្នុងករណីចាំបាច់។

ស្ថានឯកអគ្គរាជទូតកម្ពុជា គូសបញ្ជាក់ថា «បើទោះជា ទីភ្នាក់ងារឧតុនិយមជប៉ុន បានដកការព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមបណ្តាខេត្ត ដែលរងគ្រោះដោយគ្រោះមហន្តរាយ នៃការរញ្ជួយដីខាងលើក៏ដោយ ក៏នៅបន្តឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន នូវហានិភ័យនៃគ្រោះរញ្ជួយដីនៅអំឡុង២-៣ថ្ងៃ ខាងមុខទៀត»។

ស្ថានឯកអគ្គរាជទូតកម្ពុជា បន្ថែមថា «សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់រងគ្រោះខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។ ក្នុងករណី បងប្អូនបានទទួលព័ត៌មានអំពីប្រជាពលរដ្ឋ ខ្មែរយើង ដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤»។

គួររំលឹកដែរថា តាមទិន្នន័យគិតត្រឹមឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌ជប៉ុន ពលរដ្ឋខ្មែរដែលរស់នៅ ក្នុងតំបន់រងគ្រោះខាងលើ មានចំនួន៖ ៨២នាក់ (ខេត្ត Ishikawa), ២៧៩នាក់ (ខេត្ត Fukui), ២០៨នាក់ (ខេត្ត Nagano), ៧៩១នាក់ (ខេត្ត Gifu), ១៥២នាក់ (ខេត្ត Toyama) និង ១១៧នាក់ (ខេត្ត Niigata)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ