ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កម្ពុជា ក៏អាចផ្ដល់កិច្ចសហការជាមួយអារ៉ាប៊ីសាអ៊ូឌីត ទៅលើវិស័យមួយចំនួន ដូចជា វិស័យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ជាដើម។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះនាឱកាសអនុញ្ញាតឲ្យលោក Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងជំនួបនេះ លោក Mohammed Ismaeil A.Dahlwy បានជម្រាបជូន លោកឧបនាយករដ្ឋមន្រ្តី ថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាឱកាសនេះ គឺដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជា ចូលរួមអបអរសាទរ លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលថ្មីនេះ ដែលប្រកបដោយសមត្ថភាព និងមានការប្តេជ្ញាខ្ពស់ដើម្បីពន្លឿនការអភិវឌ្ឍប្រទេស និងគាំទ្រដល់វិស័យវិនិយោគនៅកម្ពុជា។

ទន្ទឹមនេះ លោកឯកអគ្គរាជទូត បានជម្រាបនូវគោលបំណងក្នុងការធ្វើកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យមួយចំនួន ដូចជា ប្រេង ថាមពល កសិកម្ម ចំណីអាហារ អាហារហាឡាល់ ការផ្តល់ហិរញ្ញវត្ថុ វិស័យកីឡា និងទេសចរណ៍ ជាដើម។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ លោកឯកអគ្គរាជទូត ដែលបានចូលជួបសម្តែងការគួរសម និងអបអរសារទររាជរដ្ឋាភិបាលថ្មី ព្រមទាំងបានជម្រាបជូនអំពីការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាអ្នកសម្របសម្រួលការវិនិយោគនៅប្រទេសកម្ពុជា ហើយក្រៅពីវិស័យនានាដែល លោកឯកអគ្គរាជទូត បានលើកឡើង កម្ពុជា ក៏អាចផ្ដល់កិច្ចសហការលើវិស័យមួយចំនួនទៀត ដូចជា វិស័យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ជាដើម ក្នុងនោះ ប្រទេសទាំងពីរ អាចពិនិត្យលទ្ធភាពជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចវិនិយោគទៅវិញទៅមក ដើម្បីទាក់ទាញ និងជួយឲ្យវិនិយោគិន នៃប្រទេសទាំងពីរចាប់ដៃគ្នាធ្វើអាជីវកម្មផងដែរ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ