ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសមិនទទួលការឧបត្ថម្ភ និងផ្សព្វផ្សាយផលិតផលថ្នាំជក់ក្នុងព្រឹត្តិការណ៍កីឡាឡើយ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងលើកម្ពស់វិស័យកីឡាឱ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តគោលការណ៍កីឡាគ្មានថ្នាំជក់ នាពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក វ៉ាត់ ចម្រើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការអនុវត្តកីឡាគ្មានថ្នាំជក់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌កីឡាគ្មានថ្នាំជក់ និងពង្រឹងសមត្ថភាពប្រកួតជាអតិបរមា និងទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពរបស់កីឡាករ កីឡាការិនី អ្នករៀបចំ ទស្សនិកជន ជាពិសេសយុវជន និងកុមារពីការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក ឬផលិតផលអេចឈ៍ ធី ភី (HTPs)។

លោក វ៉ាត់ ចម្រើន បានបញ្ជាក់ថា ការអនុវត្តកីឡាគ្មានថ្នាំជក់នេះ មិនមែនមានតែកម្ពុជានោះទេ គឺលើពិភពលោកបានអនុវត្ដរួចហើយ ដើម្បីលើកម្ពស់វិស័យកីឡាឱ្យមានការរីកចម្រើន។ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងខិតខំកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ ហើយនាំឱ្យវិស័យកីឡាមានការធ្លាក់ចុះ។

លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអនុវត្តគោលការណ៍ “កីឡាគ្មានថ្នាំជក់” គឺផ្ដោតសំខាន់ទៅលើការហាមឃាត់មិនឱ្យទទួលការឧបត្ថម្ភពីក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក ឬក្រុមហ៊ុនផលិតផលអេចឈ៍ ធី ភី (HTPs)ក្នុងព្រឹត្តិការណ៍កីឡា ទោះក្នុងទម្រង់ ឬគោលបំណងណាក៏ដោយ រួមទាំងហាមមិនឱ្យសហការ ឬផ្តល់ទីកន្លែងសម្រាប់រៀបចំកម្មវិធីណាមួយរបស់ក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក ឬផលិតផលអេចឈ៍ ធី ភី (HTPs)។
លោកស្រី បានបញ្ជាក់ថា ក្រសួងអប់រំ បានឱ្យអង្គភាពក្រោមឱវាទក្រសួង អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ សហព័ន្ធកីឡា ក្លឹបកីឡា និងកន្លែងប្រកួតកីឡាទាំងអស់ ត្រូវអនុវត្តគោលការណ៍ “កីឡាគ្មានថ្នាំជក់”ឱ្យមានប្រសិទ្ធភាពដោយស្មារតីទទួលខុសត្រូវខ្ពស់។ រីឯ សហព័ន្ធកីឡា ក្លឹបកីឡា និងកន្លែងប្រកួតកីឡាទាំងអស់ត្រូវបញ្ចូលគោលការណ៍ “កីឡាគ្មានថ្នាំជក់”ទៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានលើកឡើងថា ផលប៉ះពាល់នៃផលិតផលថ្នាំជក់មានទំហំធំធេង ជាពិសេសបំផ្លាញសុខភាព ទាំងអ្នកប្រើប្រាស់ និងអ្នកនៅជុំវិញ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការចូលរួមទាំងអស់គ្នា។

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ជាតិនីកូទីន និងសារធាតុ គីមីផ្សេងទៀត ដែលមាននៅក្នុងផ្សែងថ្នាំជក់ធ្វើឱ្យអន់ថយដល់រាងកាយ បង្កការរំខានដល់ការស្រូបយកអុកស៊ី សែន ប៉ះពាល់ដល់ចរន្តឈាម សួត សាច់ដុំ សន្លាក់ និងខួរក្បាល។

លោកបន្ដថា នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺបង្កដោយថ្នាំជក់។ ជំងឺទាំងនោះរួមមាន៖ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។

សូមបញ្ជាក់ថា គោលការណ៍“កីឡាគ្មានថ្នាំជក់”នេះ ត្រូវបានអនុវត្តន៍ ប្រកបដោយជោគជ័យនៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកន្លងមក ។ គោលការណ៍“កីឡាគ្មានថ្នាំជក់”នេះ ក៏ជាការបន្តវប្បធម៌កីឡាគ្មានថ្នាំជក់ដែលគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៨៨ មកម្លេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ