ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ នាំមកនូវផលប្រយោជន៍ជាតិជាច្រើន ហើយបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោលជាដើម។

ក្រសួងរ៉ែ លើកឡើងបែបនេះក្រោយពី មន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំនៅលើទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យ ស្ថិតនៅក្នុងភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងរ៉ែ នាថ្ងៃទី១០ មករា នេះ ថា «ក្រសួងរ៉ែ និងថាមពលប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើន មានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅ នឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផល ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈការធ្វើ អាជីវកម្មរ៉ែប្រកបដោយចីរភាព ដោយមានការគាំទ្រនិងការការពារពីច្បាប់»។

សូមបញ្ជាក់ថា ក្នុងតំបន់ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ គឺជាតំបន់អាជីវកម្មរ៉ែមាស បែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៩០ ដែលមានប្រជាពលរដ្ឋមូលដ្ឋានប្រកបរបរជីកយកនិងរែងមាស ដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើ ដោយដៃ និងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមាន ជីករូងជាអណ្តូងរ៉ែក្រោមដី។ បន្ទាប់ពីមើលឃើញអំពីបញ្ហាប្រឈមធ្ងន់ធ្ងរដល់សុវត្ថិភាព សុខភាព និង បរិស្ថាន ក្រសួងរ៉ែ និងថាមពល ដោយមានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំសហការជាមួយអាជ្ញាធរដែនដី បានចុះអប់រំផ្សព្វផ្សាយជាច្រើនដង និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសកម្មភាពជីកយករ៉ែអនាធិបតេយ្យ នៅតំបន់ខាងលើជាបន្តបន្ទាប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ