ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលប្រជាការពារ
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារ ដែលកំពុងបំពេញការងារនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់។
លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ក្រសួងមហាផ្ទៃ កំពុងបង្កើនការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពបំពេញការងារ របស់កម្លាំងប្រជាការពារនៅតាមមូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេស។
នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង នាថ្ងៃទី២៦ ធ្នូ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានស្នើអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំចងក្រងជាសៀវភៅគោល ហើយចាប់ផ្ដើមបណ្ដុះបណ្ដាលមុនគេ លើគ្រូបង្គោលនៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឱ្យបាន៤ទៅ៥រូប ដើម្បីបន្តចេញទៅបណ្ដុះបណ្ដាលតាមអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬទីកន្លែងត្រូវរៀបចំបណ្ដុះបណ្ដាលដល់ប្រជាការពារ។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា គូសបញ្ជាក់ថា «យើងរៀបចំយន្តការបណ្ដុះបណ្ដាលនេះ គឺដើម្បីឱ្យមានស្តង់ដាតែមួយ ប្រើភាសាតែមួយ ដូចជាការប្រើប្រាស់វិទ្យុទាក់ទង ការផ្ដល់ព័ត៌មានមកឱ្យកងកម្លាំងសមត្ថកិច្ច ឬអ្វីគួរ អ្វីមិនគួរធ្វើជាដើម ដើម្បីបង្កើនភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ហើយពួកគាត់ក៏អាចបំពេញការងារប្រកបដោយភាពជឿជាក់ ក្នុងការសម្រាលបន្ទុកការងារមួយចំនួនរបស់សមត្ថកិច្ចនៅមូលដ្ឋាន ដូចជាការផ្ដល់ព័ត៌មានឱ្យសមត្ថកិច្ចចុះអនុវត្តច្បាប់លើករណីផ្សេងៗ និងជួយការងារមួយចំនួនទៀតតាមការចាត់តាំងរបស់អាជ្ញាធរឃុំ សង្កាត់។
កម្លាំងប្រជាការពារ មានប្រវត្តិចេញពីចលនាសន្តិសុខភូមិ តាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម។ ចលនានេះ ជាចលនានៃការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងសហគមន៍តាមភូមិ ឃុំ សង្កាត់ ក្រោមការដឹកនាំ និងសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន។ នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣កន្លងទៅនេះ កម្លាំងប្រជាការពារក៏បានដើរតួនាទីរួម ចំណែកបំពេញការងារជាកម្លាំងសន្តិសុខបម្រើឱ្យការបោះឆ្នោតបានយ៉ាងល្អផងដែរ»។
ក៏មិនខុសពី សម្ដេចក្រឡាហោម អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោក ស សុខា នៅនីតិកាលទី៧នេះ បានបន្តផ្ដល់សារៈសំខាន់ចំពោះការចូលរួមដោយស្ម័គ្រចិត្តពីកម្លាំងប្រជាការពារ ពីព្រោះបច្ចុប្បន្ន ជាមធ្យមមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយរូបត្រូវទទួលខុសត្រូវលើប្រជាពលរដ្ឋប្រមាណពី១២០០នាក់ទៅ១៨០០នាក់ ក្នុងទំហំផ្ទៃដីជាមធ្យមជាង៣គីឡីម៉េត្រការ៉េ។ លោក ចាត់ទុកកម្លាំងប្រជាការពារជាភ្នែក និងជាច្រមុះ ក្នុងការប្រមូល និងផ្ដល់ព័ត៌មានឱ្យកម្លាំងនគរបាល និងរដ្ឋបាលឃុំ សង្កាត់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ