សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយទាន់ពេលវេលា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តទៅដល់អភិបាលរាជធានី-ខេត្ត ត្រូវតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ នៅដែនសមត្ថកិច្ចរបស់ ដើម្បីដោះស្រាយបញ្ហាទាន់ពេលវេលា។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កេតឃើញថា ក្រសួង ស្ថាប័នមួយចំនួន បានតាមដានព័ត៌មានដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រហូតឈានទៅដោះស្រាយបញ្ហាទាំងនេះ បានទាន់ពេលវេលា និងចំពោះមុខផងដែរ។
សម្ដេច មានប្រសាសន៍ថា «ខ្ញុំសូមឱ្យអភិបាលរាជធានី-ខេត្ត ក៏ដូចជាប្រធានស្ថាប័នទាំងអស់ គឺត្រូវប្រើវិធានការហ្នឹងឱ្យបានច្រើន ជាពិសេសអ្វីដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ខ្លួន គឺត្រូវចាត់ចែងកិច្ចការឱ្យលឿន ព្រោះជូនកាលចាំតែលិខិតបទដ្ឋាន របាយការណ៍ពីក្រោមវាយូរ ហើយជួនកាលរបាយការណ៍ពីក្រោមតាមនីតិវិធីរដ្ឋបាល គឺវាផ្អមបាត់ហើយ ឬរឿងដែលតូច ក្លាយជារឿងធំបាត់ទៅហើយ»។
សម្ដេច បន្ដថា មិនត្រូវប្រើប្រព័ន្ធឌីជីថល ដើម្បីតែទទួលព័ត៌មាននោះទេ ប៉ុន្ដែត្រូវប្រើឌីជីថល ដើម្បីទទួលបានព័ត៌មាន និងដោះស្រាយបញ្ហា។
សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងថា ក្នុងរយៈពេល ៥ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ សម្ដេច បានធ្វើកិច្ចការ និងដោះស្រាយបញ្ហាជាច្រើន តាមរយៈការទទួលបានព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គម៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ