ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានថ្លែងថា ការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ នាពេលនេះ ប្រធានវិញ្ញាសាធានាបានទាំងស្រុងថា មិនឱ្យបែកធ្លាយវិញ្ញាសា ព្រោះវិញ្ញាសាប្រឡង ត្រូវជ្រើសរើសភ្លាមៗ នៅថ្ងៃប្រឡងតែម្ដង។

ក្រោយអញ្ជើញកាត់សន្លឹកវិញ្ញាសា នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ថា តាំងពីម៉ោង ៦ព្រឹក នៅមណ្ឌលប្រឡង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រុមការងារ នៃគណៈកម្មការរៀបចំ រួមទាំង អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ បានបែកចែកប្រធានវិញ្ញាសាជា ៣ប្រភេទ ក្នុងនោះ មានជំនាញកសិកម្ម, ភាសាអង់គ្លេស និងចំណេះដឹងទូទៅ។

លោក រដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ការរៀបចំរបស់យើង គឺមានការហ្មត់ចត់ ផ្ដោតលើអ្វីដែលជាបទពិសោធន៍កន្លងមក យើងធ្វើការផ្សព្វផ្សាយជាសាធារណៈជាបន្ដបន្ទាប់ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងអំពីការវិវឌ្ឍន៍ទៅលើការរៀបចំរបស់យើង ហើយការអនុវត្តរបស់យើង ហើយនឹងការអនុវត្តរបស់យើង ដែលកន្លងមកតែងតែមានការចោទសួរ ទៅលើដំណាក់កាល នៃការផ្ដល់ឱកាសឱ្យចុះឈ្មោះឱ្យបានច្រើនកុះករ ហើយដំណាក់កាលទីពីរ គឺថ្ងៃប្រឡង គិតគូរទៅលើអ្វីដែលជាការរៀបចំវិញ្ញាសារ និងនិតិវិធី ដើម្បីធ្វើយ៉ាងណាធានាបាន នៃអ្វីជាការទទួលយកបាន។ កុំឲ្យមានការបែកធ្លាយវិញ្ញាសា គឺយើងធ្វើនៅថ្ងៃនេះតែម្ដង ជ្រើសរើសដោយមានការចូលរួមពីភាគីផ្សេងៗខុសៗគ្នា យើងព្រីនភ្លាមៗ និងដំណើរការប្រឡងតែម្ដង»។

លោករដ្ឋមន្ដ្រី បន្ដថា ការប្រឡងនេះ គឺអនុវត្តតាមស្ដង់ដារកន្លងមកដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍មកពីគ្រប់មជ្ឈដ្ឋាន។ លោករដ្ឋមន្ដ្រី បន្ថែមថា ដើម្បីការរៀបចំនីតិវិធី នៃការជ្រើសរើសមន្ដ្រីរាជការស៊ីវិលពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ដោយមានតម្លាភាព យុត្តិធម៌ ផ្ដល់ឱកាសស្មើភាព ហើយលទ្ធផលចុងក្រោយ គឺចំពោះបេក្ខជនបើជាប់ ជាប់ដោយកិត្តិយស បើធ្លាក់ ធ្លាក់ដោយការអស់ចិត្ត។

សូមបញ្ជាក់ថា បេក្ខជនដែលចូលរួមប្រឡងនេះ មានចំនួនសរុប ៣៣៨១នាក់ មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ចាប់ផ្តើមប្រឡងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ដោយត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន៣ ប្រភេទ៖ ១. វិញ្ញាសាសរសេរជំនាញកសិកម្ម ២. វិញ្ញាសារសរសេរភាសាអង់គ្លេស ៣. វិញ្ញសាពហុចម្លើយនៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ